រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបន្ទាប់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។
ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ពជើងគោក ជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនងការងារជាប់ជាប្រចាំរវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែននានា។
ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និង ពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្ត ចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។
ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមភាពជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈិមភាពរបស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានាដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ជាអាទិ៍ការគោរពអធិបតេយ្យ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីស។
ជាលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference - ToR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ” ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។ ឯកសារនេះគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ៕