អ្នកខាងក្រោមសូមប្រុងប្រយ័ត្ន៖ ទំនប់ទឹក៣កន្លែង បាន​បើក​បង្ហូរ​ទឹក​នៅ​២​ថ្ងៃនេះ ក្រោយ​ភ្លៀង​ធ្លាក់​បន្តបន្ទាប់

ទ្វារ​ទឹក​នៅ​ពហុ​បំណង​សេក​សក ខេត្តបាត់ដំបង, ទំនប់​វា​រី​អគ្គិសនី កំចាយ ខេត្តកំពត, ទ្វារ​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ២​

បើ​យើង​គិត​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ ទ្វារ​ទឹក​ចំនួន ៣ ខេត្ត​បាន​ធ្វើការ​បើ ដើម្បី​រំដោះ​ទឹក​យ៉ាងច្រើន ដែល​កើនឡើង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ក្នុង​នោះ​ទ្វារ​ទឹក​ទាំង ៣​នោះ​មាននៅ​ខេត្តបាត់ដំបង​, កំពត និង​ស្ទឹង​ត្រែង​។

ការ​បើកទ្វារ​ទឹក​​ពហុ​បំណង​សេក​សក ខេត្តបាត់ដំបង គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ែក​ខាងលើ ស្រុក​សំឡូត ជាប់​ព្រំដែន​ប្រទេស​ថៃ​។ ការ​បើកទ្វារ​ទឹក​នេះ​បាន​ធ្វើ​អោយ ទឹក​ស្ទឺ​ង​សង្កែ​ហក់​ឡើង​យ៉ាង​ខ្លាំង​នៅ​រសៀល​ថ្ងៃនេះ​។

ហើយ​កាលពី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ទំនប់​វា​រី​អគ្គិសនី កំចាយ ខេត្តកំពត ក៏​បាន​ធ្វើការ​បើកទ្វារ​ទឹក​របស់​ខ្លួន ដើម្បី​រំដោះ​ទឹក​ផង​ដែរ ដោយសារ​តែ​នៅ​ផ្នែក​ខាងលើ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ​។ កត្តា​នេះ​បាន​ធ្វើ​អោយ​មាន​មាន​ទឹកជំនន់​នៅ​តំបន់​មួយ​ចំនួន​នៅ​ជាប់​ដងព្រែក​កំពង់បាយ និង​ក្រុង​កំពត​។

ចំណែក​ម៉ោង​៨​យប់ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ក៏​មានការ​បើក ទ្វារ​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ២​ផង​ដែរ ដោយសារ ខ្សែទឹក ខាងលើ នៃ​ទន្លេ ស្រែ ពក មាន​ភ្លៀង​ធ្លាក់​ខ្លាំង គ្រប់​តំបន់ បាន​បន្ត​កើនឡើង​នៃ​លំហូរ​ទឹក​ឥត​ឈប់​ឈរ មក​ដល់​ផ្នែក​ខាងក្រោម​៕