ទីក្រុងម៉ានីល៖ ADB បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានអនុម័តផ្ដល់ជំនួយចំនួនពីរដែលមានទឹកប្រាក់សរុប ៦.៨លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ លើកស្ទួយគុណភាពនិងផលិតកម្មស្រូវ នៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។
កញ្ចប់ជំនួយទីមួយមានតម្លៃ៣.៧លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤,០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ៣លានដុល្លារ នៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។
កញ្ចប់ជំនួយមួយទៀត មានតម្លៃ៣.៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២,០០០នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ ប្រមាណ៣.៨លានដុល្លារនៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណង កាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។
លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩៕