ទូតជប៉ុន ប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដល់រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយកាំជណ្ដើរកម្ពស់ ៤០ម៉ែត្រ ចំនួន១គ្រឿង ដែលជារថយន្តពន្លត់អគ្គិភ័យប្រភេទនេះលើកដំបូងសម្រាប់ដាក់ឱ្យប្រើប្រាស់នៅប្រទេសកម្ពុជា ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមី ចំនួន១គ្រឿង និងរថយន្តបូមទឹកពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ដែលត្រូវបានដាក់ពង្រាយនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ត្រូវបានប្រារព្ធឡើងនៅបរិវេណនៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ 

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត រួមមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ 

កម្មវិធីបណ្តុះបណ្តាលដើម្បីដំណើរការរថយន្តពន្លត់អគ្គិភ័យទាំងនេះ ត្រូវបានផ្តល់ជូនដល់មន្ត្រីពន្លត់អគ្គិភ័យ ហើយការសម្តែងអំពីការពន្លត់អគ្គិភ័យត្រូវបានធ្វើឡើងនៅក្នុងពិធីនេះផងដែរ ដើម្បីបង្ហាញពីអ្វីដែលពួកគាត់ទទួលបានពីកម្មវិធីបណ្តុះបណ្តាលនោះ។

គម្រោងនេះនឹងពង្រឹងសមត្ថភាពពន្លត់អគ្គិភ័យនៅរាជធានីភ្នំពេញ និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនដែលរស់នៅរាជធានីភ្នំពេញ ព្រមទាំងភ្ញៀវទេសចរ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ៖ យើងមានមោទនភាពដែលមន្ត្រីពន្លត់អគ្គិភ័យនៃរាជធានីភ្នំពេញឥឡូវនេះត្រូវបានបំពាក់ដោយជំនាញ និងរថយន្តពន្លត់អគ្គិភ័យដែលមានគុណភាពរបស់ជប៉ុន។ យើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងធានាបាននូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ហើយនឹងកាត់បន្ថយការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ។ យើងជឿជាក់ថា គម្រោងនេះនឹងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។