ក្រសួងកំពុងត្រួតពិនិត្យពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីធ្វើវិសោធនកម្មឡើងវិញ

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត ធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងមាត្រាមួយចំនួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវការកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ក៏ដូចជាឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងដើម្បីឱ្យច្បាប់នេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕