សម្តេចតេជោ ហ៊ុន សែន អញ្ជើញសន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយប្រេសិតពិសេសថ្មី របស់UN ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី១៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។

ការសន្ទនាព្រឹកនេះ គឺក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដោយសារឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន ហើយលោកជំទាវជាបេសកជនពិសេសរបស់ឯកឧត្តមអគ្គលេខាធិកអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ លោកជំទាវបានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ហើយកម្ពុជាក៏មានបេសកជនពិសេសនៃអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ ។

លោកជំទាវបានបន្តទៀតថា លោកជំទាវ ពិតជារីករាយចំពោះអ្វីដែលសម្ដេចតេជោបាន ជំរុញការងារពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ានេះ ដែលជាស្មារតីមួយបន្ទាន់ពីសភាពការណ៍នៅមីយ៉ាន់ម៉ា។ លោកជំទាវបានបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិមើលឃើញថា សម្ដេចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកជំទាវរំពឹងថាអង្គការសហប្រជាជាតិ ក៏ដូចជាលោកជំទាវជាបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកជំទាវដែលកន្លងមកធ្លាប់ធ្វើការជាមួយគ្នា ហើយយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត ។ សម្តេចតេជោក៏បាន អបអរសាទរចំពោះលោកជំទាវដែលបានតែងតាំងជាបេសកជនពិសេស របស់អគ្គលេខាធិការអាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ ស្ដីអំពីមីយ៉ាន់ម៉ានេះ ។

សម្ដេចតេជោក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយចំណុចដែលបានឯកភាពគ្នាចំនួន៥ ក្នុងប្រទេសអាស៊ានទាំង១០នាពេលកន្លងទៅនោះទេ។ សម្ដេចបានគូសបញ្ជាក់ថា ថ្វីត្បិតតែក្នុងឆ្នាំ២០២១ ការងារអាស៊ានមិនបានដើររលូនទេ ដូច្នេះអ្វីដែលនៅសល់រហូតដល់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ គឺគោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ានបានលើកឡើង ។ ហើយចំណុចមួយទៀតធ្វើយ៉ាងណាដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឲ្យមានការឯកភាពគ្នា។

សម្ដេចតេជោបានគូសបញ្ជាក់ការងារអាទិភាពចំនួន២សំខាន់ ក្នុងចំណោមចំណុចដែលបានឯកភាពចំនួន៥ គឺ ៖

ទី១) បទឈប់បាញ់ និងបញ្ចប់អំពើហិង្សា។ សម្ដេចបានបញ្ជាក់ថា យើងត្រូវតែធ្វើការជាមួយគ្នា មិនត្រឹមតែអាស៊ានទេ អាចជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសទាំងអង្គការសហប្រជាជាតិផងដែរ។ សម្ដេចក៏បានបញ្ជាក់ទៀតថាការងារពាក់ព័ន្ធនឹងបទឈប់បាញ់នេះ សម្ដេចធ្វើយ៉ាងណាជំរុញឲ្យមាន អាស៊ានផ្លូវការនេះ និងអតីតប្រធានអាស៊ាន គឺប្រទេសប្រុយណេ និងប្រធានអាស៊ានក្រោយប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី បូកនិងអគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការសម្របសម្រួលកិច្ចការនេះ។

ទី២) ការផ្ដល់ជំនួយមនុស្សធម៌ ពាក់ព័ន្ធទៅនឹងការងារមនុស្សធម៌ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារនេះ គឺជាការងារសំខាន់របស់បេសកជនពិសេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងអ្នកសម្របសម្រួលខាងភាគីមីយ៉ាន់ម៉ា បូកនិងភ្នាក់ងារអង្គការសហប្រជាជាតិ។

នៅក្នុងការពិភាក្សានេះ សម្ដេចតេជោ និងលោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) បានឯកភាពគ្នានូវចំណុច ត្រូវតែមានការងារបន្ទាន់ ជាពិសេសបញ្ឈប់បទឈប់បាញ់ អំពើហិង្សា និងការផ្ដល់ជំនួយ ព្រមទាំងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវពិតជាអរគុណចំពោះ អ្វីដែលសម្ដេចតេជោកំពុងតែធ្វើនេះ ហើយលោកជំទាវ នឹងប្ដេជ្ញាចិត្តខិតខំធ្វើការងារនេះជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសក្នុងការធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ននេះ ។ ហើយលោកជំទាវនៅតែគិតថា ប្រធានអាស៊ាន និងផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាក្នុងការងារនេះ ហើយលោកជំទាវក៏បានលើកឡើងទៀតថា យើងនៅតែជំរុញធ្វើយ៉ាងណានៅពេលខាងមុខនេះ ឲ្យអាស៊ាន និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ។

ជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើលោកជំទាវ ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្របសម្រួល រឿងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដើម្បីរកដំណោះស្រាយនៃវិបត្តិនៅមីយ៉ាន់ម៉ានេះ៕