សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យស្ថាប័នរដ្ឋបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ដែលជាក្រុមហ៊ុនទទួលការសាងសង់សំណង់និងផ្លូវផ្សេងៗ ដែលមានការសាងសង់ហើយទើបទូទាត់ប្រាក់ជាមុន ហើយបំណុលដែលមានត្រូវសងក្នុងរយៈពេល២០ឆ្នាំ។ 

ការថ្លែងបែបនេះ​ ត្រូវបានធ្វើឡើងក្នុង​​ឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្ត ជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង។ 

សម្តេចតេជោគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា។