ACU រកឃើញថា លោកឧត្តមសេនីយ៍ ស៊ុំ សុជាតិ លក់ដីព្រៃលិចទឹកបានជាង ៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំអំពើពុករលួយ (ACU) បានរកឃើញថា លោកឧត្តមសេនីយ៍ ស៊ុំ សុជាតិ ស្នងការរង នៃស្នងការនរគបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់និងទន្ទ្រានដីព្រៃលិចទឹកចំនួន ៣៨ទីតាំង មានទំហំជិត ១ពាន់ហិកតា និងលក់ដូរបានប្រាក់ ចំនួន ជាង៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

លោក ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានជាប់ពាក់ព័ន្ធបទល្មើសធំៗចំនួន៣ ៖១) បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ២) ឈូស ឆាយ និងហ៊ុមព័ន្ធដីព្រៃលិចទឹក, ៣) បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ 

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អង្គភាព ACU បាននាំខ្លួនលោក ស៊ុំ សុជាតិ និងលោក កែវ ណារុន  មកសាកសួរពាក់ព័ន្ធករណីកាន់កាប់ដីព្រៃលិចទឹក តំបន់៣ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

អង្គភាពប្រឆាំអំពើពុករលួយ (ACU) រកឃើញថា លោក ស៊ុំ សុជាតិ បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១០០០ហិចតា (៩៥២,០២ហិកតា) តែបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញ ចំនួនត្រឹមតែ ៦៧៨ហិកតាប៉ុណ្ណោះ និងបានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន ៨លើក បានលុយជាង ៥១ម៉ឺនដុល្លារ៕