ពលរដ្ឋ ៤៥៨គ្រួសារ បានទទួលប្លង់កម្មសិទ្ធ ពីគម្រោង LASED II

ខេត្តក្រចេះ៖ ពលរដ្ឋប្រមាណជា ៤៥៨គ្រួសារ ស្មើនឹង ៧០៤បណ្ណ មកពីឃុំចំនួន៥ គឺឃុំសំបុក ឃុំចង្រ្គង់ ឃុំដារ និងឃុំថ្មី ស្រុកចិត្របុរី និងឃុំចំបក់ ស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ (LASED II)។

ពិធីចែកបណ្ណនេះ​ត្រូវបានធ្វើឡើងក្រោម អធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា កាលពីថ្ងៃ ២៨ធ្នូ ២០២១។

សូមជម្រាបជូនដែរថា គម្រោង LASED II នេះ រាជរដ្ឋាភិបាលបានបែងចែកដីនៅតាមខេត្តគោលដៅចំនួន ៥ សរុបទំហំ ១៦១១១៣ហិកតា និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកចំនួន ៣៩៦០គ្រួសារ ស្មើនឹង ៦៩៣២បណ្ណ ដើម្បីធានានូវសុវត្ថិភាពដីធ្លី និងបង្កើតបានជាទុនក្នុងការប្រកបរបចិញ្ចឹមជីវិ បង្កើតប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរស់នៅ និងកាត់បន្ថយចំណាកស្រុកផងដែរ៕