រយៈពេល១១ខែ ឆ្នាំ​២០២១ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា មានតម្លៃប្រមាណជាង៥ពាន់លានដុល្លារ

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានតម្លៃប្រមាណជាង ៥ពាន់លានដុល្លារ ខណៈក្នុងខែវិច្ឆិកា មានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ បានកើនឡើងជាង ៣០០គម្រោងធៀបនឹងខែតុលា។

ទុនវិនិយោគក្នុងវិស័យសំណង់ ចាប់ពីខែមករាដល់ខែវិច្ឆិកា មានចំនួន ៥ ២១០ ៣៥៩ ៥០៩ដុល្លារ កើនឡើងជាង ៣០០លានដុល្លារ ខណៈពីខែមករា ដល់តុលា ទុនវិនិយោគក្នុងវិស័យនេះមានចំនួនប្រមាណ ៤ ៨៧៦ ៨០៤ ៨៩៩ ដុល្លារ ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ឯកឧត្តម ឡៅ ទិព្វសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថ្មីៗនេះ។

ឯកឧត្តមបានបន្តឲ្យដឹងថា ក្រសួងនិងអាជ្ញាធរមូលដ្ឋាន​ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣,៩២៥ គម្រោង មានផ្ទៃក្រឡាសំណង់ ១២ លានម៉ែត្រការ៉េ កើនឡើង៣២៧គម្រោង បើធៀបនឹងកាលពីខែមុន ដែលមានចំនួន ៣ ៥៩៨ គម្រោង។

តួលេខចុងក្រោយ គិតពីឆ្នាំ២០០៥ មកដល់រយៈពេល១១ខែ ឆ្នាំ២០២១នេះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកើនឡើងរហូតជាង ២៣៧៥ អគារ ដែលក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុ មានចំនួនជាង ៦៦៦អគារ ៕