លោកជំទាវ ពេជ ចន្ទមុនី្ន ជាប់ឆ្នោតជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤

រាជធានីភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុនី្ន បានជាប់ឆ្នោតជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ក្នុងឱកាសសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ក្រោមការអញ្ជើញជាអធិបតី ដោយ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសន្និបាតលើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ចំនួន១៦រូប ដែលដឹកនាំដោយ លោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន ២០៦ សម្លេងលើ ២១០ សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤ ។

លោកជំទាវ ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការថ្មី ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។

លោកជំទាវ ម៉ែន សំអន ក៏បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសម្រេចបានកន្លងមក ដូចជា៖

  • គណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជា ស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧
  • គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក
  • គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១៕