ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្តល់គ្រាប់ត្នោតពូជ១៦,០០០គ្រាប់ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ដាំក្នុងភូមិសាស្រ្តដីតំបន់៣

ខេត្តបាត់ដំបង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ដើម្បីនាំយកគ្រាប់ត្នោត(ពូជ) ចំនួន ១៦,០០០ គ្រាប់ ផ្ដល់ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ។

 គ្រាប់ត្នោតទាំង ១៦,០០០ គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ដែលបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់ នាពេលកន្លងមក។

ឯកឧត្តម សុខ លូ អភិបាល បានបញ្ជាក់ថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញ នូវគ្រាប់ត្នោតនេះ ក៏ដូចជាកូនឈើផ្សេងៗ ក៏ដូចជាកូនឬស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ៕