កម្ពុជាត្រៀមថវិកាប្រមាណ២៥០លានដុល្លារ សម្រាប់ជួយដល់SMEs នៅឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាចំនួន២៥០លានដុល្លារអាមេរិក សម្រាប់ជួយដល់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ឯកឧត្តម ផាន់ ផល្លា បានបញ្ជាក់ក្នុងសន្និសីទព័ត៌មាន «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា៖ យន្តការហិរញ្ញប្បទានសម្រាប់វិស័យឯកជន រាជរដ្ឋាភិបាលនឹងត្រៀមថវិកាប្រមាណ២៥០លានដុល្លារ សម្រាប់ឆ្នាំ២០២២ ជួយដល់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងការជំរុញឲ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញត្ថុ បន្តផ្តល់ឥណទានដល់អាជីវកម្ម និងធុរកិច្ចនៅកម្ពុជា តាមរយៈការកែសម្រួលលក្ខខណ្ឌនានារបស់សាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជាការដាក់ចេញនូវកម្មវិធីសហហិរញ្ញប្បទាន ដែលកន្លងមកយើងធ្លាប់អនុវត្តន៍មួយចំនួនរួចមកហើយ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាក្របខណ្ឌសំខាន់មួយ មានគោលបំណងចម្បងកៀរគរប្រភពធនធានបន្ថែម ព្រមទាំងចំណេះដឹង ចំណេះធ្វើ និងនវានុវត្តន៍ពីវិស័យឯកជន ឱ្យចូលរួមនៅក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចនេះ៕