ក្នុងសង្គមការងារដ៏មមាញឹកនេះ មិនបានផ្ដល់ពេលច្រើន សម្រាប់យើងសម្រាកនោះទេ ទោះជាដឹងថា កង្វះនៃការបិទភ្នែកសម្រាកជារឿយៗ នឹងបង្កើនអត្រាហានិភ័យខ្ពស់ រហូតដល់ការស្លាប់។ ក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានដែលកើតមានឡើងនៅពេលដែលយើង មិនបានគេងគ្រប់គ្រាន់ គឺអាចសងមកវិញបាននៅពេលដែលយើងគេងឲ្យបានយូរនៅចុងសប្ដាហ៍។
បើតាម អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ ភាពតានតឹងផ្លូវចិត្តនៃសាកលវិទ្យាល័យ Stockholm និងវិទ្យាស្ថាន Karolinska នៃប្រទេសស៊ុយអែត បានធ្វើការវិភាគទិន្នន័យ ពីការរស់នៅនិងសុខភាពរបស់មនុស្សពេញវ័យ ៤៣,០០០នាក់ អស់រយៈពេល ១៣ឆ្នាំ។
ជាលទ្ធផល គេបានរកឃើញថា មនុស្សដែលមានអាយុក្រោម ៦៥ឆ្នាំហើយគេងបានត្រឹម ៥ម៉ោង ឬតិចជាងនេះនៅដើមសប្ដាហ៍ និង៨ម៉ោងឬច្រើនជាងនេះនៅពេលចុងសប្ដាហ៍វិញ មិនមានកំណើនហានិយភ័យនៃមរណៈភាពទេបើប្រៀបធៀបជាមួយមនុស្សដែលអាចត្រឹមគេងពី ៦ ទៅ ៧ម៉ោងជារៀងរាល់ថ្ងៃ។
អ្នកស្រាវជ្រាវបានចេញជាលទ្ធផល ក្នុងការសិក្សា ថា « ការដែលគេងបានតិចនៅដើមសប្ដាហ៍ រួចគេងបានយូរនាពេលចុងសប្ដាហ៍វិញមិនបង្កើនអត្រាមរណៈភាពនោះទេ។ មានន័យថា ការដែលគេងបានតិចនៅពេលដើមសប្ដាហ៍ អាចសងមកវិញបាន ដោយការគេងឲ្យបានគ្រប់គ្រាន់នៅពេលចុងសប្ដាហ៍»៕