កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកសារនេះជាសារព្រមានមួយ ប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។
សម្ដេចតេជោ ហ៊ុន បានបង្ហោះសារតាមបណ្ដាញសង្គម នាថ្ងៃទី ១០ធ្នូ ៖ ខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថាការសម្រេចចិត្ត របស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱយបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។
សម្ដេចតេជោ ហ៊ុន បានបន្ថែមថា៖ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។
សម្ដេចតេជោ បានបង្ហាញជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ៕