បច្ចេកវិទ្យា៖ Life360 គឺជាកម្មវិធីតាមដានដែលនិយមប្រើក្នុងគ្រួសារ ដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដើម្បីបញ្ជាក់ពីទីតាំងធ្វើដំណើររបស់សមាជិកក្នុងគ្រួសារអាចដឹងពីគ្នាទៅវិញទៅមក និងកត់ត្រាច្រកដែលនិយមប្រើ និងការផ្ញើសារបន្ទាន់ជាដើម ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android។
អ្នកប្រើប្រាស់ជាង៣០លាននាក់ទូទាំងពិភពលោក និយមប្រើកម្មវិធី Life360 ហើយត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុននេះ បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ទាំងនោះ ទៅឱ្យក្រុមហ៊ុនប្រមូលនិងចងក្រងទិន្នន័យទីតាំង ផ្ដោតលើការធ្វើទីផ្សារគោលដៅ ។
របាយការណ៍នេះបានអះអាងថា ក្រុមហ៊ុនរកបានចំំណូល 16 លានដុល្លារក្នុងឆ្នាំ 2020 ដោយគ្រាន់តែលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។
លក្ខខណ្ឌក្នុងការប្រើប្រាស់របស់កម្មវិធី Life360 បញ្ជាក់ថា "ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នឹងត្រូវបានលក់" ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើន ប្រហែលជាមិនបានអានអំពីលក្ខខណ្ឌ ឬមិនបានដឹងអំពីរបៀបដែលទិន្នន័យត្រូវបានចែកចាយបន្ទាប់ពីវាផ្តល់ឱ្យទៅឈ្មួញកណ្តាល។