រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ពីជំហរនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសារព័ត៌មានចិន សុីនហួរ

រាជធានីភ្នំពេញ៖ ក្នុងឱកាសដែលត្រូវបានទទួលភារកិច្ចថ្មី ជា ប្រធាន នៃទីភ្នាក់ងារសារព័ត៌មានចិន សុីនហួរ ប្រចាំកម្ពុជា លោក អ៊ូ ឆាងវេ (Wu Chang Wei ) បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ។

លោក អ៊ូ ឆាងវេ បានជម្រាបជូនពីអាណត្តិការងារថ្មីរបស់លោក នៅកម្ពុជា រយៈពេល ៣ ឆ្នាំ ជាប្រធានរបស់ទីភ្នាក់ងារព័ត៌មានចិន សុីនហួរ ហើយតាមរយៈការងារថ្មីនេះ លោកបានសំដែងនូវការរីករាយ ដោយបានឃើញពី កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាចិនក្នុងវិស័យព័ត៌មាន ក្នុងពេលកន្លងមកនេះ ហើយក៏ថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយនឹង ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ព្រមទាំងបាន ផ្សព្វផ្សាយល្អៗពីកិច្ចសហប្រតិបត្តិការកម្ពុជា ចិន ទៅកាន់ប្រទេសចិន និងពិភពលោក ថែមទៀតផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានចិន សុីនហួរ មានកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានគ្នាជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងការផ្លាស់ប្តូរព័ត៌មាន ពីគ្នាទៅវិញទៅមក មានជា អត្ថបទ និងរូបថត ជាច្រើន ដែលមានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ចំពោះ លោក Wu Chang Wei ដែលបានមកកាន់តូនាទីជា ប្រធានទីភ្នាក់ងារសារព័ត៌មានចិន សុីនហួរ ប្រចាំកម្ពុជា ហើយ ឯកឧត្តម បានសំដែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន ក្នុងរយៈពេលកន្លងមក ។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និង លោក អ៊ូ ឆាងវេ បានលើកពីគម្រោងត្រៀមរៀបចំវេទិកាតំបន់រួមគ្នាមួយ ដែលមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុន ធំៗ របស់ និង អ្នកវិនិយោគ កម្ពុជា បានជួបពិភាក្សាគ្នា នៅកំឡុងខែ មករា ឬ កុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ពីជំហរក្នុងពីការត្រៀមធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ទីភ្នាក់ងារសារព័ត៌មានចិន សុីនហួរ ដើម្បីត្រៀមរៀបចំព្រឹត្តការ ណ៏ នៃការជួបគ្នា រវាងអ្នកវិនិយោគិន នៃ ប្រទេស កម្ពុជា ចិន នាឆ្នាំខាងមុខ អោយទទួលបានជោគជ័យ។ ដោយ: ទទក