ខេត្តព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋាចរនាសម្ព័ន្ធនានា នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់នៅព្រះសីហនុដែលបានសាងសង់រួច។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណង កែប្រែឲ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងប្រព័ន្ធរំដោះទឹកកខ្វក់នេះ ជាដើមនេះ។
សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាលបានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុកនេះ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានសមត្ថភាពជាង២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា «បញ្ហាបរិស្ថានក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះទើបយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។
ចំពោះអាងចម្រោះទឹកកខ្វក់នេះ គឺបានបំលែងចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។ នេះកើតចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការខិតខំទទួលខុសត្រូវរកប្រាក់ ដើម្បីកសាងសមិទ្ធផលទាំងនេះ ដែលនេះជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចាប់ពីពេលនេះ «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុរបស់យើង មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយៗទៀតផងដែរ៕