រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទឹកប្រាក់២០ប៊ីលានយ៉េនជប៉ុន (ប្រហែល១៨០លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។
តាមសេចក្ដីប្រកាសព័ត៌មាននៃជំនួប អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ២៩ វិច្ឆិកា។
រដ្ឋាភិបាលជប៉ុន តែងតែជួយគាំទ្រ ទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា។ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខាភិបាល និងទឹកស្អាតជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម លើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ៕