សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្ក្រាបការលួចទន្ទ្រានកាន់កាប់ព្រៃលិចទឹក ជុំវិញបឹងទន្លេសាប

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាក្ដៅ ឲ្យបង្ក្រាបនិងធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះការកាន់កាប់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដោយខុសច្បាប់ ពីមន្រ្តីនិងប្រជាពលរដ្ឋ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានការស្រាវជ្រាវ ដោយរាជបណ្ឌិត្យសភាកម្ពុជា នៅជុំវិញបឹងទន្លេសាប និងការរកឃើញការកាន់កាប់និងទន្ទ្រានយកដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ។

សារសម្លេងរបស់ សម្តេចតេជោ៖ អនាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។ 

អភិបាលខេត្តទាំងអស់ ជាប់បឹងទន្លេសាប ពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានដែលបានកាប់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំការប្រជុំជាបន្ទាន់ជាមួយក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធនានា។ 

សម្ដេចតេជោ លើកឡើង៖ ឮថាអតីតអភិបាលខេត្តដែលទើបចាក់ចេញមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះ ដូច្នេះខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកមកវិញឱ្យអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ

សម្តេចតេជោ ក៏បញ្ជាឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកងកម្លាំង កងរាជអាវុធហត្ថ ត្រួតពិនិត្យជាបន្ទាន់ និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណា ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ។

សម្ដេចតេជោ៖ អ្នកទាំងនេះ មិនសមធ្វើជាមន្រ្តីទៀតទេ ពួកគេដេកគុកប្រសើរជាធ្វើជាមន្រ្តី ហើយសូមកុំនិយាយថា ធ្វើការជូនបក្សជូនរដ្ឋយូហើយ បែរជារដ្ឋ និងគណបក្សមិនយោគយល់ យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្រ្តីរបស់យើងនោះទេ៕