ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តតាកែវ ជំនួសឧត្តមសេនីយ៍ទោ សុខ សំណាង

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួស លោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ជាអធិបតីភាព។

មានប្រសាសន៍ផ្ដាំផ្ញើនាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន ៥ចំនុចដើម្បីអនុវត្តក្នុងតួនាទីភារកិច្ច ទទួលបានជោគជ័យ៖

ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ពិសេសលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការចេញពីបេះដូងអោយបានល្អជូនពលរដ្ឋ ។

ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រជំនាញជាពិសេសស្ថិតក្នុងដំណាក់កាលនៃជម្ងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ព្រមទាំងការប្រកបអាជីវកម្ម។

ទី៥-ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង ព្រមទាំងសហការការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេសត្រូវរួបរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានស្នើអោយស្នងការដែលទទួលភារកិច្ចថ្មី ត្រូវចាត់កម្លាំង នគរបាលពីខេត្ត-ស្រុក ដើម្បីទៅបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍នគរបាលដែលកំពុងខ្វះខាតកម្លាំង តាមរយ:ការស្ម័គ្រចិត្ត រឺតាមការចាត់អោយបំពេញបេសកកម្មមានរយ:ពេល និងត្រូវធ្វើការហ្វឹកហាត់បំប៉នដើម្បីពង្រឹងគុណភាពការងារ ៕