សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ថាជា "ស្ពានភ្ជាប់និស្ស័យ"

ខេត្តកំពង់ចាម៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រសិទ្ធនាមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១.១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ ថាជាស្ពានភ្ជាប់និស្ស័យ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពាននេះ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើមនៅត្រង់ គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិចស្ថិតលើផ្លូវខេត្តលេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែក កក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៅចំណុច ភូមិក្តុលកណ្តាល ឃុំ ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ស្ពាននេះមានប្រវែង១.១៣១ ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន២គន្លង ផ្លូវម៉ូតូចំនួន២គន្លង ផ្លូវថ្មើរជើងចំនួន២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុប រួមទាំងស្ពាននិងផ្លូវតភ្ជាប់មានប្រវែងសរុប៩.៤៥៤ម៉ែត្រ។

ស្ពាននេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាង ចូវ វ៉ានអាន ចំណាយថវិកាអស់ប្រមាណ៥៦,៩៩៨លានដុល្លារអាមេរិក៕