រាជធានីភ្នំពេញ៖ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញនូវអំណរពីការទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន៤រូប ពីសារមន្ទីរសិល្ប: Denver។ វត្ថុបុរាណទាំង៤រូបនោះ រួមមាន ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ចម្លាក់ព្រះសូរ្យ ជួងសំរិទ្ធិ ផ្តែរព្រះនរាយណ៍ផ្គុំ ។
បើយោងតាមសារព័ត៌មាន NBC news ក៏បានផ្សាយអោយដឹងថា សារមន្ទីរ Denver Art Museum របស់សហរដ្ឋអាមេរិកបានសម្រេចចិត្តប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន៤ ដែលធ្លាប់បានដាក់តាំងនៅសារមន្ទីរនោះ។ វត្ថុបុរាណខ្មែរចំនួន៤នោះមានដូចជា រូបចម្លាក់ព្រះពោធិសត្វប្រាជ្ញាបារមិតា ចម្លាក់ផ្តែរស្តីអំពីព្រះវិស្ណុផ្ទំលើនាគអនន្ត ចម្លាក់ព្រះសុរិយទេព និងជួងសំរិទ្ធដ៏ចំណាស់១។
បន្ទាប់ពីមានរឿងក្តីទាក់ទងនឹងការទិញវត្ថុបុរាណខុសច្បាប់ពីសំណាក់លោក Douglas Latchford អ្នកសន្សំវត្ថុដ៏ល្បីឈ្មោះដែលបានលក់ចម្លាក់បដិមាចំនួន២ទៅកាន់សារមន្ទីរនេះ ក្នុងតម្លៃ៨សែនដុល្លាសហរដ្ឋអាមេរិក។
តុលាការសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា វត្ថុបុរាណដែលលោក Douglas Latchford នាំមកលក់អោយខាងសារមន្ទីរនេះគឺត្រូវបានយកចេញមកពីកម្ពុជាដោយត្រឹមត្រូវតាមច្បាប់ តែភាគីកម្ពុជាយើងបានអះអាងថាវត្ថុទាំងនេះត្រូវបានយកចេញពីកម្ពុជាដោយខុសច្បាប់ តាមរយៈការផ្តល់ពត៌មានដោយអ្នកស្រុកផ្ទាល់ថាមានអ្នកមកលួចយកទេវរូបទាំងនេះចេញពីប្រាសាទហើយយកទៅលក់នៅទីផ្សារងងឹត។
ដោយឡែកភាគីសារមន្ទីរបានប្រាប់មកកាន់ខាងសារព័ត៌មានថា បន្ទាប់ពីបានទទួលដឹងនូវពត៌មានទាំងនេះហើយ ខាងសារមន្ទីររីករាយនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីនាំយកវត្ថុបុរាណដែលបានមកដោយខុសច្បាប់ទាំងអស់នេះត្រឡប់ទៅកាន់មាតុភូមិដើមវិញ៕