កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ

រាជធានីភ្នំពេញ៖ «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ត្រូវបានប្រកាសដាក់ឲ្យអនុវត្តន៍ ដោយក្រសួងទេសចរណ៍, សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្តារកំណើនទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍចំណេះ និងជំនាញឌីជីថលសម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះ បានធ្វើឡើងដោយក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្តមានអ្នកចូលរួមជាតិ-អន្តរជាតិប្រមាណ២៧២នាក់។

ដើម្បីជំរុញយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជាឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍ចំនួន ៣ រួមមាន៖

ទី១៖ បន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្ម ៤.០។

ទី២៖ ជំរុញឱ្យមានការទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានទូលំទូលាយនៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។

ទី៣៖ ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយផ្តល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយប្រើប្រាស់ថ្នាលឌីជីថល។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមមតិយោបល់ចំនួន៤ចំណុច ដើម្បីជំរុញអក្ខរកម្មឌីជីថលនៅកម្ពុជា រួមមាន៖ ទី១៖ បន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ។

ទី២៖ បន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអឺនធឺណិត។

ទី៣៖ បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព។

ទី៤៖ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្រពិសេសបណ្ដាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា៕