ចំណុចគួររៀនសូត្រពី លោក Henry Ford ស្ថាបនិកក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញរបស់អាមេរិក


លោក Henry Ford ដែលជាសហគ្រិនអាមេរិកដ៏ល្បីល្បាញមួយរូបពិសេសលោកជាស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ត Ford Motor Company។ លោក Ford បានធ្វើបដិវឌ្ឍឧស្សហកម្មឡានរបស់សហរដ្ឋអាមេរិកដោយប្រែក្លាយរថយន្តដែលមានតម្លៃសម្រាប់តែអភិជន មកជាមធ្យោបាយធ្វើដំណើរដែលគ្រួសារជីវភាពធម្មតាអាចមានលទ្ធភាពជាវបាន។ដែលក្រុមហ៊ុនរបស់លោកបានផ្លាស់ប្តូរមុខមាត់ថ្មីនៃឧស្សាហកម្មរថយន្តអាមេរិកក្នុងសតវត្សទី២០។ដោយឡែក ទន្ទឹមនឹងជោគជ័យរបស់លោក គេក៏បានសម្គាល់នូវចំណុចមួយចំនួន ដែលគួររៀនសូត្រពីស្ថាបនិករថយន្តអាមេរិករូបនេះផងដែរ៖

. បរាជ័យទៅជាឱកាស

មុនពេលទទួលបានជោគជ័យលោក Henry Ford បានជួបនូវបរាជ័យក្នុងដំណាក់កាលបង្កើតរថយន្តដំបូងរបស់គាត់។ អ្នកវិនិយោគរបស់លោកបានដកខ្លួនវិញដែលធ្វើឱ្យហិរញ្ញវត្ថុសម្រាប់ដំណើរការផលិតរថយន្តរបស់លោកជួបបញ្ហា។ ប៉ុន្តែជាមួយបញ្ហាហិរញ្ញវត្ថុនេះមិនបានរារាំងលោកទៅវិញទេ ប៉ុន្តែជាឱកាសឱ្យលោកស្វែងរកគ្រប់មធ្យោបាយពីលើបរាជ័យនោះ។ដូច្នេះត្រឡប់មកវិញ ការជួបរឿងបរាជ័យ គឺយើងមិនគួរផ្តោតលើអារម្មណ៍អស់សង្ឃឹមនឹងបរាជ័យនោះប៉ុន្តែជាមធ្យោបាយអ្វីថ្មីដែលយើងគួរតែនឹកឃើញពីបរាជ័យនោះទៅវិញ។

. គោលជំហរ និងការប្តេជ្ញា

មេរៀនសំខាន់មួយទៀតពីលោកHenry Ford នោះគឺគោលជំហរ និងការបេ្តជ្ញាចិត្តទៅលើគោលដៅ និងសុបិន្ត។ នៅកុមារភាព Ford មានចំណូលចិត្តទៅនឹងគ្រឿងម៉ាស៊ីន។ ហើយចំណូលចិត្តនេះលោកបានរក្សារហូតដល់លោក អាចបង្កើតបាននូវក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួនបាន។ ដូចគ្នានេះដែរនៅពេលអ្នកស្រលាញ់អ្វីមួយ អ្នកនឹងប្តេជ្ញាចំពោះវារហូតដល់ទីបញ្ចប់។ដូច្នេះប្រើប្រាស់នូវជំនាញ និងវិនិយោគចំណូលចិត្តរបស់អ្នកហើយអ្នកនឹងឃើញពីតម្លៃរបស់វា។

. ជឿជាក់ខ្លួនឯង

Henry Ford ជឿជាក់ថាលោកនឹងអាចផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មផលិតរថយន្តបានហើយលោកអាចធ្វើវាបានពិតប្រាកដមែន។ នៅពេលដែលអ្នកចាប់ផ្តើមជឿលើខ្លួនអ្នកនោះហើយគឺជាផ្លូវនៃភាពជោគជ័យ។ មេរៀនពី Henry Ford បានជម្រុញចិត្តឲ្យមនុស្សជាច្រើនជឿជាក់លើខ្លួនឯងក្នុងការសម្រេចគោលដៅនិងការងារ ដែលការជឿជាក់ខ្លួនឯងនេះដែរក៏បានជម្នះនូវរាល់ឧបសគ្គ និងបញ្ហានានាជាច្រើនរហូតទៅកាន់ទីដៅ។

. ប្រើពេលវេលាមានតម្លៃ

ចំណុចនេះ លោក Henry Ford បានក្រឿនរំលឹកឱ្យយើងចេះប្រើពេលវេលាឱ្យមានប្រសិទ្ធិភាពនិងត្រឹមត្រូវ។ គ្មានការកំណត់នោះទេទៅលើអ្វីដែលយើងអាចសម្រេចបានបើសិនយើងប្រើប្រាស់វាបានល្អ ដូចនេះ ការឱ្យតម្លៃលើពេលវេលា និងសារសំខាន់របស់វាគឺជាដំណើរឆ្ពោះទៅរកភាពជោគជ័យ។

. បើកចិត្តរៀនរឿងថ្មីជានិច្ច

មេរៀនដែលមិនចេះរីងស្ងួតពីHenry Ford គឺការបន្តរៀនសូត្ររឿងថ្មីៗជានិច្ច។ Henry បន្តរៀន និងស្វែងយល់ពីអ្វីៗដែលគាតចង់ដឹងអំពីគ្រឿងឡាន និងម៉ាស៊ីនដើម្បីបំណងបង្កើតឡានបែបពិសេសរបស់គាត់។ ហើយការបន្តស្វែងយល់ថ្មីៗនេះដែលធ្វើឱ្យលោកមានគំនិតថ្មីជានិច្ចនិងតែងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី។ ការរៀនជាដំណើរមិនចេះឈប់ឈរមិនថាវ័យណានោះ អ្នកនៅតែអាចស្វែងយល់រៀនសូត្របានដោយខ្លួនឯងនិងបន្តអភិវឌ្ឍខ្លួនជានិច្ច៕