កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃប្រទេសទាំងពីរ។

ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

អនុវត្តតាមអាណត្តិផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរបានប្រកាសចាប់ផ្តើមការសិក្សារួមកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ការសិក្សាបានបង្ហាញលទ្ធផល វិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការជំនះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកដែលបង្កឡើងជំងឺកូវីដ-១៩ រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់នេះ។

កិច្ចព្រមព្រៀងនេះមានចំនួន ១០ជំពូក មាន ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ ដែលគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។

លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ជាពិសេស កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន៕