គោលការណ៍ប្រាំលើម្ភៃប្រាំរបស់មហាសេដ្ឋី Warren Buffett គួរពិចារណាសម្រាប់គោលដៅជីវិត


គោលការណ៍លោក Warren Buffett ៥/២៥ ជាវិធីជំហានដើម្បីសម្គាល់មើលនិងផ្តោតលើគោលដៅជាអាទិភាពក្នុងជីវិត។ដោយសារអ្នកនឹងទទួលបាននូវអ្វីដែលអ្នកយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើ ដូចនេះគោលការ ៥/២៥ ដែលមហាសេដ្ឋី Buffett ពន្យល់ទៅពីឡុតរបស់គាត់គឺលោក Mike Flint ទទួលបានភាពល្បីល្បាញជាខ្លាំង។ លោកក៏ធ្លាប់លើកឡើងដែរថាគោលដៅច្រើនពេកនឹងនាំទៅបរាជ័យទៅវិញ ព្រោះថា អ្នកមិនច្បាស់គោលដៅសំខាន់របស់អ្នកនិងពុំអាចគ្រប់គ្រងពេលវេលាបានល្អនោះឡើយ ពិសេសកិច្ចការច្រើនទាំងនោះ។ ជំនួសឱ្យការមានគោលដៅច្រើនពុំច្បាស់លាស់ គោលការណ៍របស់មហាសេដ្ឋីរូបនេះក៏អាចជាការពិចារណារបស់ប្រិយមិត្តអ្នកអានបានផងដែរ៖

. សរសេរចេញគោលដៅ២៥ដែលអ្នកប៉ងធ្វើ

សួរខ្លួនអ្នកអំពីអ្វីដែលចង់សម្រេចបាននៅថ្ងៃអនាគត។ ២៥ចំណុចគឺមិនច្រើនពេក និងមិនតិចពេក ហើយក៏ពុំបាច់គ្រប់២៥ចំណុចក៏បាន។ សរសេរចេញនូវគោលបំណងទាំងនោះលើក្រដាសជាគោលដៅជីវិត ជាកិច្ចការងារ និងជាក្តីស្រមៃផ្ទាល់ដែលអ្នកចង់ធ្វើដូចជា៖ បន្តអនុបណ្ឌិតក្លាយជាថៅកែអាជីវកម្ម ចេះកីឡាច្រើន មានជំនាញពីរច្បាស់លាស់ លេងឧបករណ៍តន្ត្រីចេះភាសា មានគ្រួសារដ៏មានសុភមង្គល ជូនអ្នកមានគុណទៅដំណើរកម្សាន្តក្រៅប្រទេសមានចំការផ្ទាល់ខ្លួន…។

. រើសអាទិភាពគោលដៅ៥ដែលអ្នកគិតថាសំខាន់ជាងគេបំផុត

គោលដៅវែ…ង ដែលបានសរសេរចេញ ប្រាកដជាមានរឿងសំខាន់បំផុតក្នុងជីវិតដែលអ្នកចង់ធ្វើ ហោចណាស់ក៏មាន៥ដែលអ្នកគិតថាសំខាន់ណាស់ក្នុងមួយជីវិតនេះឲ្យបានចេញជារូបរាងឯផ្សេងៗទៀតជារឿងបន្ទាប់បន្សំ ។ គូសរង្វង់លើ៥គោលដៅសំខាន់នោះ ដែលជាអាទិភាពសំខាន់បំផុត។

. ក្រៅរឿង៥សំខាន់នោះចំណុចផ្សេងគូសចោលកុំស្តាយ

ដំណាក់កាលនេះជាពេលបំភ្លេចរាល់គោលដៅបន្ទាប់បន្សំដែលអ្នកគូសចេញ។ អ្វីដែលសំខាន់នោះគឺ៥ចំណុច ដែលអ្នកគួរធ្វើឱ្យបាន គួរផ្តោត អាចសម្រេចបាន។ដូច្នេះ៥ចំណុច អ្នកនឹងមិនមានពេលគិតខ្វល់លើគោលដៅច្រើនពេកដែលរំខានអ្នកទៅវិញ។ ខ្លួនអ្នកផ្ទាល់អាចសម្គាល់ថា ធ្វើរឿងច្រើនក្នុងពេលតែមួយ ពុំសូវគុណភាពល្អទេ ហើយក៏មិនអាចសម្រេចគោលដៅច្រើនបានទាំងស្រុងដែរ។ ផ្ទុយមកវិញ មានផ្តោតលើរឿងសំខាន់ៗ យកចិត្តទុកដាក់កាន់តែល្អនោះគោលដៅអ្នកលេចរូបរាងបានយ៉ាងប្រាកដ ដូចដែលលោក Warren Buffett លើកឡើង គ្មានការផ្តោតលើគោលដៅជាក់លាក់ ក៏គ្មានការជោគជ័យដែរ៕