ក្រឡេកមើលភាពជាអ្នកដឹកនាំរបស់ព្រះចៅអធិរាជ ជិនហ្គីស ខាន់ ស្តេចសង្រ្គាមនៃចក្រភពម៉ុងហ្គោល


ក្នុងអំឡុងសតវត្សទី១៣ ចក្រភពម៉ុងហ្គោល ក្រោមការដឹកនាំរបស់អធិរាជជិនហ្គីសខាន់(Genghis Khan)  គឺជាមហាអំណាចពិភពលោកដែលត្រួតត្រាដែនដីធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ព្រះចៅអធិរាជជិនហ្គីស ខាន់ ត្រូវបានគេពិពណ៌នាថាជាអ្នកប្រយុទ្ធដ៏គួរឱ្យកោតខ្លាចមួយរូបក្នុងសង្គ្រាមពង្រីកទឹកដីហើយអ្វីដែលស្ញប់ស្ញែងបន្ទាប់នោះគឺ ការគ្រប់គ្រងដ៏មានឥទ្ធិពល និងឈ្លាសវៃរបស់លោក បានបង្រួបបង្រួមទឹកដីម៉ុងហ្គោលដែលសំបូរដោយកុលសម្ព័ន្ធផ្សេងៗគ្នាមកជាទឹកដីរួបរួម និងក្លាយជាចក្រភពដ៏រ៉ុងរឿងមួយនាសម័យនោះ។ ទន្ទឹមនឹងនោះភាពដឹកនាំរបស់ មេទ័ព និងជាអធិរាជខ្លាំងពូកែមួយនេះ ត្រូវបានគេលើកយកមកបង្ហាញដូចខាងក្រោមនេះ៖

. ដើមឈើមួយដើមប៉ុន្តែសុទ្ធតែរឹងមាំ

ក្រោមការបង្រួបបង្រួមរបស់ជិនហ្គីស ខាន់ ម៉ុងហ្គោលមានការឯកភាពទឹកដីនិងបង្កើតជាអាណាចក្រដ៏ខ្លាំងក្នុងប្រវត្តិសាស្រ្តពិភពលោក។ ពុំមានភាពទំនេរឡើយនៅលើទឹកដៅវាលស្មៅនៃចក្រភពម៉ុងហ្គោល។ ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជរូបនេះ ជនជាតិម៉ុងហ្គោលមានភាពស្ទាត់ជំនាញទៅលើការជិះសេះបាញ់ព្រួញធ្វើសង្គ្រាម និងចញ្ចឹមសត្វ។ ការធំធាត់ពេញវ័យនៅលើខ្នងសេះ ក៏ដូចជាភាពស្ទាត់ជំនាញពិសេសក្នុងរឿងសឹកសង្គ្រាមជនជាតិម៉ុងហ្គោលត្រូវបានប្រៀបដូចជាដើមឈើមួយដើមដ៏រឹងមាំ។

. ការបង្រួបបង្រួមដោយប្រើសង្គ្រាមប៉ុន្តែលាយឡំនិងក្តីមេត្តា

ការធ្វើសង្គ្រាមវាតទីទឹកដីជាទិសដៅរបស់ព្រះចៅអធិរាជម៉ុងហ្គោលរូបនេះ។ នៅក្នុងការធ្វើសង្រ្គាមទឹកដីព្រះចៅជិនហ្គីស ខាន់ បានសម្គាល់ចំណុចពីរគឺ គ្រោះខ្លះកើតដោយសារតែក្តីមេត្តា ប៉ុន្តែមេត្តាខ្លះក៏បានផ្តល់ជាផលចំណេញផងដែរ។ប្រយោជន៍នៃមេត្តាដែលលោកឃើញនោះគឺ មេត្តាលើមនុស្សត្រូវប្រៀបដូចជាបានពរពីឋានសួគ៌ផ្ទុយទៅវិញបើមេត្តាចំមនុស្សខុស គឺប្រៀបដូចនឹងការចិញ្ចឹមឆ្កែចចក។ សរុបមកវិញរបៀបគ្រប់គ្រងតាមបែបមេត្តា បូកនឹងអំណាច គឺជាការបន្សុទ្ធមនុស្សអាក្រក់ចេញហើយក៏បានក្លាយជាវប្បធម៌ដំបូងនៃការដឹកនាំរបស់អធិរាជសង្គ្រាមជីនហ្គីស ខាន់ក្នុងការបង្រួបបង្រួមចក្រភពម៉ុងហ្គោល។

. ស្មារតីស្រលាញ់ជាតិ(ជាតិនិយម)

ក្នុងភាពជាអ្នកដឹកនាំរបស់អធិរាជជិនហ្គីស ខាន់ ការបំផុសស្មារតីជាតិនិយម គឺជាគោលការណ៍ ហើយការរក្សាទឹកចិត្តប្រជារាស្រ្តនិងកងទ័ព គឺជាព្រលឹង។ ដោយផ្អែកទៅលើទ្រឹស្តីភាពជាអ្នកដឹកនាំការបំផុសទឹកចិត្តគឺមានសញ្ញាពីរ មួយគឺបំផុសស្មារតីជាតិនិយមពីរគឺការបំផុសស្មារតីហែកហូរ។ ការបំផុសស្មារតីជាតិនិយម គឺជាការសាបព្រោះកម្លាំងចិត្តក្នុងការបង្រួបបង្រួមគ្នាជាជាតិសាសន៍តែមួយស្រលាញ់គ្នាក្នុងនាមជាប្រជាជាតិតែមួយ។ ការបំផុសស្មារតីហែកហួរគឺជាការបង្កើតបក្ខពួកនិយម បំផ្លាញព្រលឹងរួបរួមបំផ្លាញជាតិដោយវប្បធម៌ហែកហួរយាយីជាតិឯង។

. មិននៅឆ្ងាយពីមនុស្សមានចំណេះដឹង

មានសុភាសិតអាមេរិកមួយពោលថា“មនុស្សល្ងង់ ចង់ដឹកនាំមនុស្សធម្មតា មនុស្សអស្ចារ្យចង់ដឹកនាំមនុស្សមានគតិបណ្ឌិត”ចំពោះការវាតទីពង្រីកទឹកដី អធិរាជ ជិនហ្គីស ខាន់តែងមានធម៌មេត្តាចំពោះអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ព្រមទាំងអនុញ្ញាតឱ្យជនដែលមានគតិបណ្ឌិតមកបម្រើការទៀតផង។ ដោយសារតែជ័យជម្នះជាច្រើន ព្រមទាំងមានជនពូកែៗមកអមដំណើរផងទើបធ្វើឱ្យអធិរាជជិនហ្គីស ខាន់ អាចធ្វើការវាតទីទឹកដីទៅជិតពាក់កណ្តាលផែនដីទាំងមូល។

. ភាពរឹងមាំពីខាងក្នុង ដែលមនុស្សភាគច្រើនបដិសេធមិនធ្វើ

“សត្រូវដ៏អាក្រក់របស់យើងមិនស្មើនឹងចិត្តច្របូកច្របល់របស់យើងឡើយ” នេះបើយោងតាមទ្រឹស្តីពុទ្ធនិយម។ភាពក្លាហានដែលផុសចេញពីផ្នែកខាងក្នុង គឺសំខាន់ជាងភាពក្លាហានផ្នែកខាងក្រៅ។ ភាពក្លាហានដែលកើតចេញពីការឈឺចាប់ដោយសារការជិះជាន់ពីជនជាតិចិនបានធ្វើឱ្យជនជាតិម៉ុងហ្គោលក្លាយជាកងទ័ពដែលមិនខ្លាចស្លាប់ ភាពប្តូរផ្តាច់ដើម្បីឈ្នះជាកម្លាំងស្នូលនៃការវាយសន្ធាប់ដ៏ខ្លាំងរបស់កងទ័ពម៉ុងហ្គោល។ ពុំមានសេចក្តីស្លាប់ណាមួយ ដែលអាចក្លាយជាការគំរាមកំហែងសម្រាប់មនុស្សមិនខ្លាចស្លាប់នោះទេ។

. គំរូដល់អ្នកជំនាន់ក្រោយ

ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលមិនបានបញ្ឈប់ត្រឹមការចូលទីវង្គតរបស់អធិរាជជិនហ្គីស ខាន់នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣របស់ ជិនហ្គីស ខាន់បានស្នងតំណែងជាអធិរាជបន្តពីឪពុក ហើយបានបន្តធ្វើសង្គ្រាមវាតទីពង្រីកទឹកដីខ្លួនតទៅទៀត។កងទ័ពម៉ុងហ្គោលបានវាយដណ្តើមកាន់កាប់នគរសៀ (Xia) នៅប៉ែកខាងលិចប្រទេសចិនហើយបានបន្តឈ្លានពានចូលទៅនគរសុង (Song) នៅប៉ែកខាងត្បូង។ ទៅទិសខាងលិច កងទ័ពម៉ុងហ្គោលបានចូលឈ្លានពានរុស្ស៊ី រួចហើយបន្តដំណើរទៅប៉ូឡូញមុននឹងវាយលុកចូលឈ្លានពានទៅដល់ហុងគ្រី និងក្រូអាស៊ី។ ប៉ុន្តែការឈ្លានពានរបស់កងទ័ពម៉ុងហ្គោលបានបញ្ចប់ត្រឹមនោះដោយពួកគេមិនបានវាយលុកចូលទៅដល់អឺរ៉ុបខាងលិចនោះទេ។ អឺរ៉ុបខាងលិចរួមមាន អាល្លឺម៉ង់ បារាំង និងអង់គ្លេស ជាដើម បានរួចផុតពីការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលមិនមែនដោយសារតែប្រទេសទាំងនោះមានយុទ្ធសាស្រ្ត ឬមានទ័ពខ្លាំងពូកែនោះទេប៉ុន្តែដោយសារតែអធិរាជម៉ុងហ្គោលអហ្កឺដី ខាន់ បានចូលទីវង្គត នៅឆ្នាំ១២៤១ ហើយមេទ័ពម៉ុងហ្គោលបានបញ្ឈប់រាល់ប្រតិបត្តិការទ័ព ដោយនាំគ្នាប្រញាប់ប្រញាល់ធ្វើដំណើរចេញពីអ៊ឺរ៉ុបត្រឡប់ទៅម៉ុងហ្គោលវិញ ដើម្បីចូលរួមក្នុងដំណើរការជ្រើសរើសអធិរាជថ្មី៕

អត្ថបទដកស្រង់ និងកែសម្រួលពី៖ The Mongols Genghis Khan and the Buildingof the Mongol Empire, RFI, និង អត្ថបទលោក Sun Veasna