រាជធានីភ្នំពេញ៖ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំដោយឯកឧត្តម ថេត អូសៀស បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ នេះបើតាមការលើកឡើងរបស់លោក ថេត អូសៀស ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកទី ១៩ តុលា ២០២១នេះ។
ក្នុងជំនួបនោះ ឯកឧត្តម ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បាន សម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ។
ឯកឧត្តមក៏បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ ។
សម្ដេចតេជោ បានជម្រាបជូន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន បន្តគ្រប់គ្រងជំងឺកូវីដ១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ៕