៥ចំណុចក្នុងកិច្ចការរកស៊ី បង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនពិសេសរបស់លោក Jack Ma


មានឈ្មោះដើមថា Jack Ma Yun ប្រិយមិត្តប្រាកដជាបានស្គាល់ខ្លះរួចមកហើយ ពីមហាសេដ្ឋីចិន តាមរយៈឈ្មោះលោកគឺ Jack Ma នេះ។ លោកជាសហស្ថាបនិក និងជាថ្នាក់ដឹកនាំសំខាន់មួយរូបនៃក្រុមហ៊ុនបច្ចេកវិទ្យាAlibaba Group ដែលល្បីដោយសារឯកទេសផ្នែកពាណិជ្ជកម្មអនឡាញ (E-commerce) ហើយសព្វថ្ងៃក៏កំពុងបង្កើតនូវទីផ្សារក្រុមហ៊ុនថ្មីបន្ថែមជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះលោក Ma នៅតែជាបុគ្គលគំរូ និងជម្រុញទឹកចិត្តដល់សហគ្រិនជំនាន់ក្រោយជាច្រើនពិសេសតាមបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់លោកដែលគេអាចសម្គាល់ឃើញពីការងាររកស៊ីដូចខាងក្រោម៖

. ឱ្យគំនិតអ្នកមានឥទ្ធិពលល្អទៅលើការរស់នៅ

លោក Ma មានគំនិតតាំងពីដំបូង ដោយការផ្តល់ទំនុកចិត្តលើអតិថិជនរបស់លោកក៏ដូចជាការផ្លាស់ប្តូរជីវិតរស់នៅឲ្យប្រសើរ។ មាន E-Commerce ជាច្រើនតែងផ្តោតទៅលើការបង្កើតប្រាក់ចំណេញហើយបង្កើនចំណេញកាន់តែច្រើន កាន់តែប្រសើរ។ យ៉ាងណាមិញ Jack Ma បានប្រើផ្លូវផ្សេង ដោយលទ្ធផលផ្លែផ្ការរបស់លោក គឺកើតពីទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយអតិថិជន។ គោលដៅចំបងរបស់លោកគឺទំនាក់ទំនងល្អ ក៏ដូចជាការសម្រួលការរស់នៅឲ្យបានប្រសើរឡើងដែលនេះបានផ្តល់នូវផលប្រយោជន៍រយៈពេលវែងដល់ក្រុមហ៊ុនពិសេសទំនាក់ទំនងល្អរបស់ក្រុមហ៊ុន Alibaba នេះ។

. កន្លែងផ្តើមពីណាពុំមែនជាបញ្ហា អ្វីសំខាន់គឺជាលទ្ធផល

ការចាប់ផ្តើមខ្លះ ទោះជាកម្រិតការអប់រំទាបធនធានតិចតួចក្នុងដៃ ក៏មិនគួរគិតថាវាជាឧបសគ្គរារាំងឱកាសឡើយ។ សម្រាប់លោក Ma អ្វីដែលសំខាន់ គឺតើចង់បានការជោគជ័យនោះកម្រិតណាហើយការខំប្រឹងប្រែងដែលអ្នកដាក់ចិត្តកាយធ្វើនោះកម្រិតណា។ ចំណុចសំខាន់ពីរនេះនឹងកំណត់ថាអ្នកទទួលផល ឬក៏បរាជ័យ។ ហើយពីរចំណុចសំខាន់នេះ ដែលមហាសេដ្ឋីចិនរូបនេះមាន ហើយអាចហៅថាជាអ្នកបង្កើតឱ្យមានឱកាស បូករួមជាមួយកម្រិតនៃការលះបង់របស់លោកថាតើលោកពិតជាចង់បានវាឬទេ ហើយក្នុងកម្រិតណា?

. បរាជ័យ ប៉ុន្តែមិនដែលបោះបង់លើខ្លួនឯង

និយាយពីរឿងបរាជ័យ លោកMa ជួបច្រើនរាប់មិនភ្លេច គឺចាប់ផ្តើមពីកាលរៀននៅមធ្យមសិក្សា។លោកប្រលងធ្លាក់បីដង មុនជាប់ ហើយការដាក់ពាក្យរៀននៅសាកលវិទ្យាល័យត្រូវគេបដិសេធពីរលើកដែលចុងក្រោយ សាកលវិទ្យាល័យ Huangzhou អនុញ្ញាតឱ្យលោកចូលសិក្សា។ ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រភាសាអង់គ្លេសលោកដាក់ពាក្យការងារ ប៉ុន្តែគេបដិសេធដល់ទៅ៣០កន្លែង ដាក់ពាក្យចូលសាលាប៉ូលិសក៏ត្រូវគេបដិសេធរួមទាំងដាក់ពាក្យសុំអាហារូបករណ៍ទៅសាកលវិទ្យាល័យ Harvard ក៏ត្រូវគេច្រានចោលទាំង១០ដង។ បរាជ័យច្រើនដូចនេះ ប៉ុន្តែបែរមកមើលលោក Ma បែរមិនដែលគិតថាអស់សង្ឃឹមបោះបង់ចោលនោះទេទោះការរងាររកបានចុងក្រោយផ្តល់កម្រៃតិចតួច ប៉ុន្តែលោកនៅស្វះស្វែងបង្កើតឱកាសបង្កើតបានជាក្រុមហ៊ុនពីរហើយជាចុងក្រោយគឺក្រុមហ៊ុន Alibaba ដែលជាជោគជ័យជាប្រវត្តិសាស្រ្តក្នុងជីវិតលោក។ ចំណុចសំខាន់ត្រង់នេះគឺ ភាពលំបាកនៃបរាជ័យប្រៀបដូចគ្រូដែលបង្រៀនលោកហើយការស្វែងយល់បានពីកំហុសជាមេរៀននោះ និងខំកែប្រែស្វែងរកផ្លូវឱ្យអស់ពីសមត្ថភាពមិនដែលបោះបង់ខ្លួនឯង ជាក្តីសង្ឃឹមមុតមាំ(ចំណុចខ្លាំងដែលលោក Jack Ma មាន) និងជាបុព្វហេតុដែលនាំឱ្យលោកមានឈ្មោះជាមហាសេដ្ឋីមកទល់ថ្ងៃនេះ។

. សម្គាល់មើលគ្រប់ឱកាសដែលមាន ប្រៀបដូចទ្វារសម្រាប់អនាគត

ផ្តើម Alibaba បាន Jack Ma ធ្លាប់ទទួលធ្វើការងារជាច្រើនមិនរើស។លោកចាប់ឱកាសជាច្រើនក្នុងដៃតាមការប្រឹងប្រែងរបស់លោក។ បន្ថែមពីនោះ អ្វីដែលលោកធ្វើ គេច្រើនឃើញការបូជាកាយចិត្តសឹង១០០%ទៅអ្វីដែលលោកធ្វើ ដែលហេតុនេះទើបលោកអាចដំណើរការ Alibaba បានដោយផ្តើមចេញពីអាជីវកម្ម Startup តូចមួយរហូតក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោកមួយបាន។ហើយចំណុចនេះ លោក Ma បានបង្រៀនឱ្យយើងឃើញថាការទទួលឱកាសតូចៗដែលអាចយកបាន និងរៀនពីវាក៏ចំណែកសំខាន់មួយផងដែរសម្រាប់ជំហានរកស៊ី។

. កុំភ្លេច ស្រលាញ់ខ្លួនអ្នក

ក្រៅពីការងាររកស៊ីគេអាចសម្គាល់ឃើញ លោក Ma ក៏ផ្តល់តម្លៃជីវិតផ្ទាល់ខ្លួនផងដែរ។លោកតែងឆ្លៀតមានពេលដើម្បីសម្រាក និងសរសើរអំពីជីវិតដែលមាន។ គំនិតដែលលោកបង្ហាញនោះគឺ គោលដៅគឺធ្វើឱ្យជីវិតមានភាពងាយស្រួលនិងរីករាយ បើធ្វើការតែមួយមុខដោយងប់ងល់ពេកក៏មិនអាចមានពេលកម្សាន្តខ្លះលោកគិតថានឹងស្តាយក្រោយ។ ហេតុនេះ បានជាលោកមានគោលដៅរបស់ខ្លួនគឺធ្វើឱ្យជីវិតបានប្រសើរដល់គ្រប់ៗគ្នា រួមទាំងរូបលោកផង ដែលជាការឱ្យតម្លៃស្មើរវាងជីវិតនិងការងារ៕