សម្ដេចក្រឡាហោម៖ រដ្ឋបាលក្រោមជាតិ ក្រោយទទួលបានអំណាចពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឱ្យបានល្អ

ខេត្តកំពង់ធំ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ និងជំរុញដល់រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ដែលទទួលអំណាចពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឱ្យបានល្អ ដើម្បីផ្ដល់ការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ធំ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើ និងទទូចថា ដើម្បីអនាគតប្រទេសយើង ហើយជាការជំរុញដល់ការអភិវឌ្ឍមូលដ្ឋាន ការលើកម្ពស់ភាពជាម្ចាស់ការពង្រឹងរដ្ឋបាលឯកភាពជាដើម ខ្ញុំ សូមស្នើថា រដ្ឋបាលខេត្ត ដែលទទួលបានការផ្ទេរអំណាច ទាំងអំណាចវិមជ្ឈការ និងអំណាចវិសហមជ្ឈការ ត្រូវធ្វើឱ្យបានល្អ ដើម្បីផ្ដល់ការទុកចិត្តពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម បានរំលឹកថា នាពេលកន្លងមក ការងារមួយចំនួន នៅថ្នាក់ក្រោមជាតិ គឺសម្រេចដោយថ្នាក់ជាតិ ដូច្នេះហើយទើបមានកំណែទម្រង់តម្រូវឱ្យមានការផ្ទេរអំណាចនេះទៅឱ្យថ្នាក់ក្រោមជាតិសម្រេច ដើម្បីឱ្យជិតប្រជាពលរដ្ឋ ហើយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ដោយមិនចាំបាច់ឱ្យថ្នាក់ជាតិចាត់ចែងការងារជំនួសឡើយ ព្រោះថា នៅថ្នាក់ក្រោមជាតិ គាត់មានមន្ដ្រីមានសមត្ថភាព មានសិទ្ធិអំណាចដែលបានផ្ទេរឱ្យ និងមានធនធានថវិកា ដោយមានការទទួលស្គាល់ពីថ្នាក់ជាតិ ផងដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា ផ្ទួយទៅវិញការងារទាំងនេះធ្វើមិនបានល្អ ក្នុងនាម សម្ដេច ធ្វើជាប្រធានគណៈកម្មាធិការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ប្រហែលជាគ្មានកម្លាំង ដើម្បីជំរុញការផ្ទេរអំណាច ទៅថ្នាក់ក្រោមតទៅទៀតបានឡើយ ដូច្នេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបានល្អបំផុត៕