រដ្ឋបាលរាជធានី ចុះកិច្ចព្រមព្រៀងជាមួយ JICA លើគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈគម្រោងនេះ គេរំពឹងថា សមត្ថភាពរបស់មន្រ្តីដែលផ្នែការងារគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នឹងត្រូវបានពង្រឹង។

JICA រំពឹងថាតាមរយៈគម្រោងនេះ នឹងផ្ដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នឹងរួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕