មកដឹងអាជីព១០មុខ សម្រាប់អ្នកចង់ទៅធ្វើការនៅតាមជនបទ

សេដ្ឋកិច្ចសព្វថ្ងៃនេះ ធ្វើបាបផ្លូវចិត្តបុគ្គលិកចាយលុយប្រាក់ខែខ្លាំងណាស់ អ្នកខ្លះទ្រាំមិនបានចង់តែទៅផ្ទះនៅឯស្រុកវិញ ប៉ុន្តែក៏រួញគំនិតថា បើទៅវិញមិនដឹងធ្វើអ្វីឱ្យមានចំណូល។ អ្វីដែលគួរឱ្យបារម្ភនោះគឺ ពេលចំណាយទុនធ្វើហើយក៏មិនដឹងថាជោគជ័យឬក៏អត់ទៀត។ ប៉ុន្តែជឿទៅ គ្រប់យ៉ាងមិនអាក្រក់ដូចដែលយើងគិតនោះទេ ខាងក្រោមនេះគឺជាអាជីពទាំង ១១ដែលជាឱកាសសម្រាប់អ្នករស់នៅតាមខេត្ត គ្រប់គ្នាមិនគួរមើលរំលង។  

១.កសិកម្ម​

យើងដឹង​ហើយថាកសិកម្មគឺជាដើមកំណើតចិញ្ចឹមជីវិតរបស់ប្រជាជនខ្មែរយើង។មិនថាជាការចិញ្ចឹមសត្វ ដាំស្រូវ ដាំដើមកៅស៊ូ ធ្វើចំការដូងប្រេង ដាំពោត ស្វាយ អំពិលក្រូចឆ្មារ ធុរេន ឬដាំបន្លែជាដើមសុទ្ធ​តែអាចបង្កើតជាកម្រៃបាន។នៅតាមបណ្តាខេត្តមិនទាន់មាននៅឡើយទេ “កសិកម្ម 4.0”ឬហៅម្យ៉ាងទៀតបានថាកសិកម្មសរីរាង្គដែលមិនប្រើជីគីមីទទួលបានទិន្នផលខ្ពស់និងប្រកបដោយគុណភាពលក់បានក្នុងតម្លៃថ្លៃ។

២.ធ្វើនំបញ្ចុក​លក់បោះដុំ

មិនថាតែអ្នកភ្នំពេញឬអ្នកខេត្តទេ សុទ្ធតែចូលចិត្តនំបញ្ចុក ព្រោះអាចយកមកច្នៃធ្វើម្ហូបបានច្រើនមុខ។ សាកគិតទៅមើលថា ប្រសិនបើអ្នកចាប់ផ្តើមដំបូងគេក្នុងការបើកជារោងចក្រឬរោងផលិតនំបញ្ចុកប្រចាំខេត្ត ប្រាកដជាមានឱកាសបានអតិថិជនច្រើនជាមិនខាន។

នេះអាចជាឱកាសសាងកម្រៃមួយទៀត សម្រាប់បងប្អូនតាមខេត្តដែលមានដីឬផ្ទះជាប់ផ្លូវធំឬទីតាំងអំណោយផល ព្រោះមិនទាន់មានអ្នកណាបើកហាងនំបញ្ចុកជាប៊ូហ្វេទេ។​ អ្វីដែលសំខាន់នោះគឺមិនចាំបាច់ចំណាយដើមទុនច្រើន​ហើយអាចពង្រីកទៅជាអាហារប៊ូហ្វេផ្សេងៗទៀតបាន។

៣.ហាងកែសម្ផស្ស

រវាងសម្រស់និងស្រ្តី មិនអាចនៅដាច់ពីគ្នាឡើយ ប៉ុន្តែត្រូវប្រាកដចិត្តថា ខ្លួនពិតជាស្រឡាញ់អាជីពនេះមែនព្រោះនឿយហត់ណាស់ជាធុរកិច្ចសេវាកម្ម និងត្រូវប្រើកម្លាំង ១០០%។

៤.បោះដុំបន្លែស្រស់

ប្រាប់ឱ្យត្រង់ទៅ អាជីពនេះគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះបើកភ្នែកឡើងលុយមកចាំដល់មុខផ្ទះតែម្តង។ ជំហានដំបូងអាចនឹងត្រូវដឹកឱ្យម៉ូយដោយខ្លួនឯង តែបើមានម៉ូយប្រចាំព្រឹកឡើងដឹងតែមកចាំនៅមុខផ្ទះតែម្តង។ អ្វីដែលពិសេសជាងនេះគឺ មានលុយរាប់រាល់ថ្ងៃ។

៥.បណ្តុះផ្សិតលក់

នេះក៏ជាអាជីវកម្មមួយទៀតអាចកែប្រែជីវិតពលរដ្ឋតាមខេត្តបានច្បាស់នឹងភ្នែកតែម្តង។ ផ្សិតរីកកាន់តែច្រើន លុយក៏រីកច្រើនតាមនឹងដែរទាំងដែលមិនបាច់ចំណាយទុនអ្វីច្រើនឡើយ។

៦.បោះដុំហាងចាប់ហ៊ួយ

ស្តាប់ទៅដូចជាមុខរបរកំប៉ិកកំប៉ុកមែនអត់? ប៉ុន្តែដឹងទេថា នៅតាមខេត្តមិនទាន់មានមីនីម៉ាតទំនើបៗនៅឡើយទេដូច្នេះហេតុអ្វីមិនចាប់ផ្តើមបោះដុំរបស់របរប្រើប្រាស់ឱ្យប្រជាពលរដ្ឋក្នុងភូមិយកទៅលក់បន្ត? ថាមិនត្រូវអ្នកអាចនឹងក្លាយជាអ្នកបោះដុំធំប្រចាំខេត្តផងក៏ថាបាន។

៧.ធ្វើការងារពេញម៉ោង

របរនេះអាចនឹងសមស្របអ្នកដែលមិនហ៊ានប្រថុយសាងអាជីវកម្មដោយខ្លួនឯង។ ទោះបីជាប្រាក់ខែនៅតាមខេត្តបានតិចជាងនៅភ្នំពេញក៏ពិតមែន តែបើដកថ្លៃជួលផ្ទះថ្លៃទឹកភ្លើង និងការធ្វើដំណើរផ្សេងៗក៏បានប្រហែលៗគ្នាដែរហ្នឹង។ធ្វើការជិតផ្ទះបានជុំគ្រួសារហើយ មិនបាច់ចំណាយអ្វីច្រើនទៀត។

៨.បើកហាងលក់គ្រឿងបន្លាស់ទូរស័ព្ទ

សង្កេតមើលថា ក្នុងភូមិមានអ្នកបើកឬនៅ? បើនៅទេ នេះហើយជាឱកាស។ សម័យនេះអ្នកណាខ្លះដែលមិនប្រើទូរស័ព្ទដូច្នេះប្រាកដជាមានអ្នកត្រូវការធ្វើទូរស័ព្ទ បញ្ចូលលុយទូរស័ព្ទ ទិញកាស ទិញសម្បកទូរស័ព្ទចៀសមិនផុតឡើយ។​

៩.បើកកន្លែងធ្វើម៉ូតូ

ចំណុចនេះអាចផ្តោតពិសេសលើបងប្អូនបុរសៗដែលមានជំនាញជួសជុលម៉ូតូ ព្រោះបានចំណូលច្រើនទាំងពីការជួសជុល លក់គ្រឿងបន្លាស់ និងលាងម៉ូតូជាដើម។ ចំណែកឯចំណុចចាប់ផ្តើមវិញក៏មិនចំណាយច្រើនដែរ អាចចាប់ផ្តើមម្តងបន្តិចៗ។

១០.បើកក្លឹបហាត់ប្រាណ

ស្តាប់ទៅដូចជាមិនសូវឮអ្នកណាណែនាំមែនទេ? ប៉ុន្តែកុំភ្លេចថាសម័យនេះការចូលក្លឹបហាត់ប្រាណដើម្បីថតរូបបង្ហោះក្នុងបណ្តាញសង្គម ក៏ពេញនិយមណាស់ដែរជាពិសេសនៅតាមបណ្តាទីរួមខេត្ត មិនទាន់មានច្រើននៅឡើយទេ៕