៧មេរៀន ពី Elon Musk ដែលអាចយកមកពិចារណា

Elon Musk ប្រិយមិត្តក្រមាប៉ុស្តិ៍ប្រាកដជាធ្លាប់បានស្គាល់ឬឮឈ្មោះនេះរួចមកហើយ។ ពិតមែន លោកគឺជាបុគ្គលមួយរូបដែលជោគជ័យក្នុងភាពច្នៃប្រឌិតបង្កើតអ្វីថ្មីៗក្នុងសតវត្សទី២១នេះហើយក៏ជាបុគ្គលដែលមានឥទ្ធិពលមួយរូប រួមទាំងទឹកប្រាក់ដែលធ្វើឱ្យលោកមានឈ្មោះជាមហាសេដ្ឋី។សម្រាប់ថ្ងៃនេះ ក្រមា ក៏សូមលើកឡើង៧មេរៀន ពីសហគ្រិនបច្ចេកវិទ្យាអាមេរិក​ដែលមានដើមកំណើតកាណាដា កាត់អាហ្វ្រិកខាងត្បូងរូបនេះ មកសង្ខេបបង្ហាញដែលអ្នកអាចរៀនសូត្រនិងពិចារណាដូចខាងក្រោម៖

. ការអាន អាចធ្វើឱ្យអ្នកឆ្លាត និងកាន់តែឆ្លាត

Musk គឺជាអ្នកអានមួយរូបតាំងពីនៅវ័យកុមារ។គាត់ជឿថាអ្វីៗនឹងក្លាយជារឿងធម្មតា ដោយអ្នកអាចស្វះស្វែងរៀនដោយខ្លួនឯង។ មានម្តងៗលោកធ្លាប់ទៅប្រទេសរុស្ស៊ីដើម្បីសុំជាជំនួយខ្លះក្នុងការ Design គ្រាប់រ៉ុកកែតសម្រាប់ក្រុមហ៊ុន SpaceX របស់លោក។ប៉ុន្តែអ្នកវិទ្យាសាស្រ្តរុស្ស៊ីភាគច្រើន បានបដិសេធគំនិតគាត់។ ផ្ទុយទៅវិញ ពេល ElonMusk ជិះយន្តហោះត្រឡប់មកអាមេរិកវិញលោកបែរជារៀនពិចារណាគម្រោងបង្កើតរ៉ុកកែតដោយខ្លួនឯង។ “ ខ្ញុំអានសៀវភៅហើយនិយាយជជែកជាមួយមនុស្សគ្រប់គ្នា ខ្ញុំសម្តៅន័យថានោះជារបៀបដែលមនុស្សម្នាក់រៀនពីអ្វីមួយ។មានសៀវភៅល្អៗជាច្រើន ហើយក៏ដូចជាមនុស្សមានបញ្ញាវៃឆ្លាតជាច្រើន”។ នេះបើតាមលោក Musk ប្រធានក្រុមហ៊ុន SpaceX។

. ធ្វើការ “ដោយប្រឹងប្រែងព្យាយាម”

សម្រាប់ ElonMusk ផ្ទាល់ លោកត្រូវបានគេសម្គាល់ថា ជាមនុស្សចូលចិត្តធ្វើការ។មិនមែនតែធ្វើការនោះទេ គឺមានភាពព្យាយាមក្នុងនោះដែរ លោកធ្វើការ១០០ម៉ោង/១សប្តាហ៍ សឹងរាល់ឆ្នាំ។ លោកផ្ទាល់ក៏បានលើកឡើងដែរថា បើគេធ្វើការងារ៤០ម៉ោង/១សប្តាហ៍ ចុះបើអ្នកធ្វើ១០០ម៉ោង/សប្តាហ៍ប្រាកដហើយគឺអ្នកនឹងសម្រេចបានលទ្ធផលច្រើន ហើយនៅមុខគេទៀតផង។ ទាំងនេះលក្ខណៈពិសេសមួយរបស់Musk ដែលមានទាំងក្នុងជីវិតការងារជាសហគ្រិន។

. មានគំនិតធំៗ ហើយទូលំទូលាយ

ចំណុចនេះយើងអាចក្រឡេកមើលទៅមួយជ្រុងរបស់លោក Musk ដែលគំនិតរបស់មហាសេដ្ឋីរូបនេះបង្កើតពុំមែនតែផលិត ឬសេវាតែមួយនោះទេ ឧទាហរណ៍ សេវាហិរញ្ញវត្ថុ PayPal របស់លោក ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យទូទាត់ ដោយងាកមកប្រើលុយឌីជីថលដែលមានភាពងាយស្រួលក្នុងការផ្ទេរនិងការទូទាត់អនឡាញ។ លើសពីនេះ គឺ SpaceX ដែលមានវិនិយោគិនជាច្រើនមិនយល់ស្របដោយយល់ថាជាការស្រមើស្រមៃប៉ុន្តែមកទល់ពេលនេះ SpaceX ជាក្រុមហ៊ុនឯកជនលើវិស័យអវកាសប្រកបដោយជោគជ័យ។


. លុយពុំមែនជាគោលដៅធំនោះទេ

សម្រាប់ខ្ញុំ គឺពុំមែនដើម្បីលុយតែម្យ៉ាងទេប៉ុន្តែគឺការដោះស្រាយបញ្ហាសម្រាប់មនុស្សនាពេលអនាគត នេះជាអ្វីដែលសហស្ថាបនិកឡេបស្រាវជ្រាវ Open AI លើកឡើង។ Elon Musk បន្ថែមទៀតថា គឺគួរតែមានគោលដៅធំៗក្នុងជីវិតជាជាងការគ្រាន់តែរកលុយនៅពេលដែលអ្នកចាប់ផ្តើមអ្វីមួយថ្មី គឺអាចផ្តោតលើគំនិតប្លែកថ្មីដែលអាចជួយសម្រួលដល់មនុស្សជាតិ។លុយគឺជាផលិតផលមួយ ដែលវានឹងរត់រកអ្នកជាធម្មតាប៉ុន្តែវាជាគុណតម្លៃពិសេសនៅពេលដែលផលិតផលអ្នកអាចដោះស្រាយបញ្ហា ជួយដល់មនុស្សជាតិបាន។

. ហ៊ានទទួលបរាជ័យខ្លះ

បរាជ័យគឺជាផ្នែកមួយហើយបើមិនធ្លាប់ជួបវា មានន័យថាអ្នកមិនទាន់ជាមនុស្សច្នៃប្រឌិតបានល្អនៅឡើយទេ” Elon MusK ស្ថាបនិកក្រុមហ៊ុន BoringCompany ដែលធ្វើផ្លូវរូងក្រោមដី បានលើកឡើង។ ហេតុផលមួយផ្នែកដែលមិនអាចទទួលបាននូវអ្វីដែលប្រាថ្នានោះ គឺការភ័យខ្លាចក្នុងការដួល ឬបរាជ័យនេះឯង។ ឧទាហរណ៍អ្នកមិនហ៊ានចេញទៅធ្វើការងារដែលអ្នកស្រលាញ់ដោយហេតុថាភ័យខ្លាចបរាជ័យអ្នកមិនហ៊ានសារភាពប្រាប់មនុស្សដែលអ្នកស្រលាញ់ ដោយហេតុថាខ្លាចគេបដិសេធ។ ពិតណាស់ លោកMusk ជាមនុស្សដែលហ៊ានទទួលយករឿងបរាជ័យខ្លះផងដែរជាក់ស្តែងត្រឡប់ទៅរឿង SpaceX វិញ មុននឹងរ៉ុកកែតរបស់ក្រុមហ៊ុនបង្ហោះបានជោគជ័យរ៉ុកកែតពីរគ្រាប់ ដែលខ្ទង់ចំណាយប្រមាណ៦០លានដុលា្លរអាមេរិកក៏បានបរាជ័យផងដែរ ហើយ១គ្រាប់ដែលបង្ហោះបានជោគជ័យគឺចំណាយគ្រប់ទឹកប្រាក់១០០លានដុល្លារអាមេរិកពី Backup Plan ទើបលោកMusk ទទួលជោគជ័យជាបន្តបន្ទាប់។

. បើអ្នកចង់បានគោលដៅធំ កុំភ្លេចត្រៀមសម្រាប់រឿងឈឺចាប់ច្រើន

មែនហើយ បើអ្នកសម្លឹងមើលជោគជ័យរបស់មេដឹកនាំក្រុមហ៊ុនផលិតរថយន្ត Tesla ដ៏ល្បីដែលយើងស្គាល់មកទល់ពេលនេះក៏គួរដឹងដែរអំពីឧបសគ្គ និងបទពិសោធដែលលោកធ្លាប់ហែលឆ្លងកាត់។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនរបស់លោកបានដល់ចំណុចមួយគឺក្ស័យធនហើយជីវិតផ្ទាល់ខ្លួនក៏ពុំបានប្រសើរផងដែរប៉ុន្តែលោកនៅតែអាចស្វះស្វែងរកផ្លូវជម្នះឧបសគ្គ រហូតដល់ឈ្មោះ Elon Musk ដែលមនុស្សជាច្រើនស្គាល់សព្វថ្ងៃនេះ។

. ធ្វើតាមក្តីស្រលាញ់របស់អ្នក

Elon Musk មានចំណូលចិត្តច្រើនហើយអ្វីដែលចូលចិត្តគឺលោកតែងតែតាម។ ជាឧទាហរណ៍លោកប្រើការចូលចិត្តរបស់ខ្លួនទៅលើបច្ចេកវិទ្យាដើម្បីរុករកដូចជាការធ្វើដំណើរក្នុងលំហជាដើម អ៊ិនធើណេតល្បឿនលឿន ថាមពលសូឡាកើតឡើងវិញហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដឹកជញ្ជូន។ ដូចគ្នានេះដែរលោកក៏បង្ហាញកាន់គ្រប់គ្នាថា អ្វីដែលអ្នកចូលចិត្ត គឺនឹងអាចបង្កើតជំនាញថ្មីដល់អ្នក របៀបថ្មីក្នុងការស្វែងយល់និងចូលរួមប្រយោជន៍ទៅដល់អនាគតពិភពលោក។ “មនុស្សគ្រប់គ្នាគួរបន្តនូវអ្វីដែលគេចូលចិត្តនោះជាអ្វីដែលធ្វើឱ្យពួកគេរីករាយ”។ លោក Musk ម្ចាស់ SpaceX បានលើកឡើង៕