ខេត្តកែប៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តកែប ដែលបានប្រារព្ធពិធីនៅមន្ទីរពេទ្យខេត្តកែប។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹះសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។
លោកជំទាវក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនដែរថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ (ដោយគោលការណ៍ស្ម័គ្រចិត្តនិងមិនគិតថ្លៃ) នៅកម្ពុជា គិតត្រឹមថ្ងៃទី ១០ខែកញ្ញានេះ សម្រេចបាន៖
- អាយុពី១៨ឆ្នាំ បាន៩៦,៨៥%
- អាយុ១២ដល់១៨ឆ្នាំ បាន ៨៦,៤៦%
- រីឯអ្នកដែលបានចាក់ដូសទី៣បាន ៧២៦,០៤០នាក់៕