នាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

តារាកំប្លែងទាំងពីរ ធ្វើដំណើរមកពី​ខេត្តរតនគិរីទៅរាជធានីភ្នំពេញ ដោយជួបហេតុការណ៍ រថយន្តបែកកង់រ៉េ ទៅបុកដើមឈើ ត្រង់ចំនុច ស្រុកតំបែរខេត្តត្បូងឃ្មុំ ។

(ត្បូងឃ្មុំ)៖  តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិនបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Freshnews។

បើតាមស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្នបាន​ប្រាប់អង្គភាពនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ ។ រថយន្ដ ដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។

លោកបានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ)អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រិន) ​អាយុ៣៩ឆ្នាំ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរមកពី​ខេត្តរតនគិរី ទៅរាជធានីភ្នំពេញ៕