មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានមួយចំនួន ដែលមានចេតនាបំភាន់សាធារណមតិ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការឆ្លើយតបចំនួន ០៥ចំណុច ទៅនឹងសមាគមសារព័ត៌មាន ដែលបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួន ដោយបានចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ច ថាបានរារាំង គំរាមកំហែង និងរំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ក្នុងពេលចុះទៅយកព័ត៌មាន។

ឯកឧត្តម បានបញ្ជាក់នូវចំណុចទាំង៥ដូចតទៅ ÷

ទី១) សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់ មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ ទៅថាជាការរារាំង គំរាមកំហែង រំលោភសិទ្ធិអ្នកសារព័ត៌មាន ក្នុងការចុះទៅយកព័ត៌មានទៅវិញ។

ទី២) នៅពេលអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះបំពេញបេសកកម្ម ឬចុះប្រតិបត្តិការនៅទីតាំង ឬទីកន្លែងណាមួយនោះ សមត្ថកិច្ចមានសិទ្ធិពេញលេញមិនអនុញ្ញាតឱ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មាន ចូលទៅទីតាំង ឬទីកន្លែង ដែលសមត្ថកិច្ចកំពុងចុះបេសកកម្ម ឬប្រតិបត្តិការនោះ ព្រោះវាអាចប៉ះពាល់ ឬបង្កការរំខាន ជាឧបសគ្គរារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្ម ឬប្រតិបត្តិការនោះ។

ទី៣ ) អ្នកសារព័ត៌មាន មានសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធទៅនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការអ្វីមួយ ហើយត្រូវធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបើអ្នកសារព័ត៌មានមិនបានស្វែងរកប្រភពពីគ្រប់ភាគីពាក់ព័ន្ធនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការណាមួយនោះទេ នោះអ្នកសារព័ត៌មានទៅវិញទេ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។

ទី៤) នោះគឺ បើបុគ្គលណា ឬភាគីណា ដែលយល់ថាខ្លួនត្រូវបានបុគ្គលណា ឬភាគីណា រំលោភ បំពានសិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួននោះ បុគ្គលនោះមានសិទ្ធិ ដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដើម្បីស្វែងរក ឬទាមទារនូវភាពត្រឹមត្រូវ ឬយុត្តិធម៌សម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធម៌ តាមខ្យល់ ឬតាមចិញ្ចើមថ្នល់ឡើយ។

និងចំនុចទី៥) រាល់ការចេញនូវសេចក្តីថ្លែងការណ៍ ថ្កោលទោស ឬចោទប្រកាន់ ទៅលើបុគ្គលណា ឬភាគីណាមួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ចៀសវាងនៅពេលដែលបុគ្គល ឬភាគីដែលទទួលរងការចោទប្រកាន់នោះ ប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌របស់គេ បែរទៅជាចោទប្រកាន់គេថាប្រើប្រាស់ផ្លូវច្បាប់ដើម្បីបំភិតបំភៃ គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញខ្លួនទៅវិញ៕