ឯកឧត្តម ប៊ុន ហ៊ាន ជួបពិភាក្សាការងារជាមួយលោក SATO Katsumasa លើគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេក​ទេស​ក្រសួង បានបន្តជួបពិភាក្សាការងារជាមួយលោក SATO Katsumasa ប្រធានក្រុមបេសកកម្ម JICA Detailed Planning Survey Mission​ និងសហការី ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន​ (JICA)​ ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ស្តីអំពីការរៀបចំគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំដោយចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥។

នៅក្នុងជំនួបពិភាក្សានេះ លោក SATO Katsumasa បានរាយការណ៌អំពីលទ្ធផលការងារដែលក្រុមបេសកកម្ម JICA និងមន្ត្រីបច្ចេកទេសក្រសួង បានចាប់ផ្តើមដំណើរការរៀបចំតាំងពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ រហូតមកទល់ថ្ងៃនេះជូនឯកឧត្តម ប៊ុន ហ៊ាន និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលេីកិច្ច សហការក្នុងការ​រៀបចំ​គម្រោង​ស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត និងយន្តការ​សម្រាប់អនុវត្តគម្រោងនាពេលអនាគត។

ក្រោយកិច្ចពិភាក្សាបានបញ្ចប់​ លោក SATO Katsumasa បានសំណូមពរដល់​ក្រសួងធនធានទឹក​ និងឧតុនិយម​ បន្តផ្តល់កិច្ចសហការជាមួយក្រុមបេសកកម្ម JICA ដែលកំពុងបំពេញការងារ និងគម្រោង​ស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត ដែលគ្រោងនឹងចាប់ផ្តើមដំណើរការគម្រោងនៅដើមឆ្នាំ២០២២ ខាងមុខនេះឲ្យបានល្អ។

ឯកឧត្តម ប៊ុន ហ៊ាន បានទទួលយកសំណើរបស់លោកប្រធានក្រុម JICA Detailed Planning Survey Mission​ និងសហការី ក្នុងការរៀបចំគម្រោងឲ្យទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។

ជាទីបញ្ចប់ជំនួសមុខឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមបេសកកម្មជប៉ុន និងJICA ប្រចាំកម្ពុជា ដែលបាន នឹងកំពុងបន្តជួយលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា ៕