ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ សម្រាប់ទីផ្សារនៃការទិញលក់លើផ្នែកដីធ្លី នៅតែបន្តមានសកម្មភាពជាងផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យ ខណៈដែលទីផ្សារខ្លះកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងជាប់គាំងនៅឡើយនោះ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍នៅកម្ពុជាលោកឧកញ៉ា ម៉ន សុខា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា បើទោះស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារនៃការទិញលក់ដីធ្លីនៅតែមានសកម្មភាពជាងគេ បើធៀបទៅនឹងការទិញលក់និងវឌ្ឍនភាពនៃផ្នែកដទៃក្នុងវិស័យអចលនទ្រព្យ។
លោកឧកញ៉ាបញ្ជាក់ថា៖“វិបត្តិកូវីដបានជះឥទ្ធិពលទៅដល់វិស័យផ្សេងៗដែលក្នុងនោះទីផ្សារអចលនទ្រព្យក៏ទទួលរងនូវសម្ពាធខ្លាំងផងដែរ រាប់ទាំងការសាងសង់សំណង់គម្រោងធំៗ ការទិញលក់ ជួលអចលនទ្រព្យទូទៅការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋាន ក៏ដូចជាទីផ្សារដីឡូត៍ផងដែរ បើទោះជាសកម្មភាពនៅមានជាបន្តបន្ទាប់ក៏ដោយ”។
លោកឧកញ៉ា ម៉ន សុខា បានមានប្រសាសន៍ឲ្យដឹងថែមទៀតថា ការទិញដីសម្រាប់វិនិយោគនៅពេលបច្ចុប្បន្ននេះគឺមានសកម្មភាពជាងគេនៅក្នុងវិស័យអចលនទ្រព្យរួម ព្រោះអ្នកវិនិយោគភាគច្រើនបានមើលឃើញពីឱកាសនៃការទទួលបានចំណេញខ្ពស់នៅក្រោយពេលលក់ចេញវិញនៅពេលខាងមុខនេះ។
លោកឧកញ៉ាបញ្ជាក់ថា៖ “ពួកគេទិញនៅពេលនេះអាចមានតម្លៃទាប ឬធូរថ្លៃជាងទីផ្សារ មិនថាដីនៅក្នុងក្រុងជាយក្រុង ឬនៅតាមបណ្តាខេត្តដែលមានសក្ដានុពលដទៃទៀតនោះទេ ហើយក្ដីរំពឹងទុកចំណេញច្រើនរបស់ពួកគេពីការលក់មិនមែនក្នុងពេលខ្លីនោះទេ ប៉ុន្តែជាការរំពឹងទុកក្នុងរយៈពេលវែងក្នុងចន្លោះពី ៣-៥ឆ្នាំខាងមុខនេះ ក្រោយពេលដែលបានស្រាកស្រានពីវិបត្តិជាស្ថាពរខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានជំរុញការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងឲ្យបានគ្រប់តាមផែនការក្នុងពេលដ៏ខ្លី”។
ជាមួយគ្នានេះលោកឧកញ៉ា ម៉ន សុខា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ទាំងអ្នកទិញដីសម្រាប់ទុកវិនិយោគនិងអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍នានា សុទ្ធតែមានឱកាសចំណេញខ្ពស់ព្រោះក្រោយពេលវិបត្តិត្រូវបានកាត់បន្ថយច្បាស់ណាស់ថាតម្លៃដីធ្លីនៅស្ទើរគ្រប់ទីកន្លែងដែលមានសក្ដានុពលនឹងមានការឡើងថ្លៃជាក់ជាមិនខាននោះទេ៕