ភ្នំពេញ៖ ការទទួលជ័យជម្នះភ្លូកទឹកភ្លូកដីជារឿងសំខាន់មួយ ដែលគណបក្សប្រជាជនចង់បាន ប៉ុន្តែការចុះដោះស្រាយបញ្ហាពលរដ្ឋតាមមូលដ្ឋាន ក៏ជារឿងចម្បងដែលមន្ត្រីគណបក្សឈ្នះឆ្នោតមួយនេះ ត្រូវបំពេញឲ្យបានល្អផងដែរ។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន ប្រាប់មន្ត្រីខ្លួនទាំងអស់ មិនត្រូវជិះសេះលែងដៃ ដោយទុកពលរដ្ឋចោលឡើយ ។
មិនមែនជាលើកទីមួយឡើយ ដែលសម្ដេច ហ៊ុន សែន បញ្ជាឲ្យមន្ត្រីខ្លួន ប្រឹងប្រែងដោះស្រាយបញ្ហាពលរដ្ឋតាមមូលដ្ឋាន។ សម្ដេច តែងតែអះអាងពីការយកចិត្តទុកដាក់ និងធានាដោះស្រាយបញ្ហាពលរដ្ឋគ្រប់អាណត្តិខ្លួនដឹកនាំ។ ប៉ុន្តែការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោម នៅតែជាបញ្ហាចោទសម្រាប់ពលរដ្ឋ។
សម្ដេច ហ៊ុន សែន ដែលធ្លាប់បានដឹងពីចំណុចខ្វះខាតរបស់មន្ត្រីថ្នាក់ក្រោមនេះ បានជំរុញឲ្យពួកគេប្រឹងកែតម្រូវអភិវឌ្ឍន៍ការងារខ្លួនឡើងវិញ ដើម្បីឆ្លើយតបនឹងលទ្ធផលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងអាណត្តិទី៦ ។ ប្រធានគណបក្សប្រជាជនរូបនេះ បានដាស់តឿនមន្ត្រីបក្សថា កុំគិតតែរឿងឈ្នះហើយ ជិះសេះលែងដៃ ដោយទុកឲ្យពលរដ្ឋរងទុក្ខលំបាកឡើយ។
ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករោងចក្រ នៅខណ្ឌមានជ័យ កាលពីថ្ងៃទី២ សីហា សម្ដេចនាយករដ្ឋមន្ត្រី ដែលត្រៀមដឹកនាំរដ្ឋាភិបាល អាណត្តិទី៦រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ៖« ចាប់ពីឥលូវទៅ ត្រូវត្រឡប់ទៅមូលដ្ឋានវិញ បម្រើប្រជាជន ដោះស្រាយបញ្ហាឱ្យប្រជាជននៅក្នុងពេលនេះ នៅតំបន់ខ្លះកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ឬដោយទឹកជំនន់ទន្លេមេគង្គ ប្រជាជនកំពុងត្រូវការសេវាសាធារណៈ កំពុងត្រូវការនេះត្រូវការនោះ ដូច្នេះយើងមិនត្រូវអង្គុយគិតថាឈ្នះហើយ ហើយជិះសេះលែងដៃ ប្រព្រឹត្តអំពើគប្បីណាមួយចំពោះប្រជាពលរដ្ឋនោះទេ…»។ខ្ញុំសូមអំពាវនាវ និងធ្វើការដាស់តឿន ក៏ដូចជាការដាក់ចេញនូវបទបញ្ជាឲ្យមន្ត្រីទាំងអស់ចុះបម្រើប្រជាជន ឲ្យបានល្អជាមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនឲ្យបានច្រើនជាងមុន»។
សម្រាប់សម្ដេច ហ៊ុន សែន ការអនុវត្តការងារឲ្យមានប្រសិទ្ធភាពនេះ វាក៏បានពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលធ្លាប់បានសន្យាជាមួយពលរដ្ឋ មុនការបោះឆ្នោតកន្លងមកដែរ។
ទាក់ទងនឹងការអនុវត្តភារកិច្ចរបស់មន្ត្រីរដ្ឋាភិបាលកាលពីអាណត្តិទី៥ សម្ដេច ហ៊ុន សែន ធ្លាប់បានរិះគន់ចំណុចអវិជ្ជមានរបស់មន្ត្រីខ្លួនមួយចំនួន ដែលមិនព្រមជួយដោះស្រាយបញ្ហាលំបាក និងបំពេញតម្រូវការពួកគេទេ តែបែរជាលាភពណ៌ចោទពលរដ្ឋទាំងនោះ ជាក្រុមប្រឆាំងរដ្ឋាភិបាលទៅវិញ។ បញ្ហានេះប្រមុខរដ្ឋាភិបាល ព្រមានមន្ត្រីខ្លួន មិនឲ្យអនុវត្តការងារបែបនេះ នៅក្នុងអាណត្តិថ្មីឡើយ ពោលគឺត្រូវបម្រើពលរដ្ឋផលប្រយោជន៍ទាំងអស់ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះទេ។
បន្ថែមពីនេះរដ្ឋមន្ត្រីតាមក្រសួងមួយចំនួន ក៏ប្រឈមនឹងការបាត់បងកៅអី ក្នុងអាណត្តិថ្មីផងដែរ។ សម្ដេច ហ៊ុន សែន ធ្លាប់បានព្រលយកាលពីចុងអាណត្តិទី៥ថា រដ្ឋមន្ត្រីអសកម្មការងារ និងមិនសូវមានដំណោះស្រាយជូនពលរដ្ឋនោះ នឹងគ្មានវត្តមាននៅក្នុងអាណត្តិទី៦ ទៀតទេ។ បើតាមសម្ដេច ហ៊ុន សែន រដ្ឋាភិបាលអាណត្តិថ្មី នឹងចុះដោះស្រាយបញ្ហាពលរដ្ឋតាមមូលដ្ឋានភ្លាមៗ ដោយមិនឲ្យពួកគេឡើងមកតវ៉ានៅភ្នំពេញ ដូចអាណត្តិមុនៗឡើយ៕