ក្នុង៧ខែ CMAC កម្ទេច​ចោល​​គ្រាប់​​មីន និងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បាន​​​ចំនួន​៣១,៦៦៥​​គ្រាប់

រាជធានីភ្នំពេញ៖ គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២១នេះ លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និង​សំណល់ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​របស់អង្គភាព CMACបាន​ប្រព្រឹត្ត​ទៅ​ដោយរលូននិង​ទទួល​​បានលទ្ធផលគួរជាទីមោ​ទ​នៈ ដោយបានធ្វើការ​រំដោះផ្ទៃដី​ចម្ការមីន/​ចម្ការ​គ្រាប់សរុប​ចំនួន​៦៤.៥៦២.៥៣៩​ ម៉ែត្រ​ក្រឡា ស្មើនឹង៩៨,៦០% នៃផែនការ៧ខែក្នុងឆ្នាំ​២០២១។  នេះបើតាមរបាយការណ៍នៃកិច្ចប្រជុំប្រចាំខែរបស់អង្គភាពCMAC។

កិច្ចប្រតិបត្តិការនេះរុក​រក​ឃើញ​និងកម្ទេច​ចោល​​គ្រាប់​​មីន និងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់​ប្រភេទ​សរុប​​​ចំនួន​៣១,៦៦៥​​គ្រាប់។ ទន្ទឹម​នឹងនេះ ក៏បាន​​ធ្វើការ​អប់រំ​យល់​ដឹង​ពីគ្រោះថ្នាក់​ដោយ​សារ​គ្រាប់មីន និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាមដល់​ក្រុម​គោលដៅ​​បាន​ចំនួន៨.៩៩៧លើក ស្មើនឹង៣០០.៤៣០ខ្នងផ្ទះ និង​មាន​ប្រជាពលរដ្ឋ​​​ចូលរួមសរុប​​ចំនួន៦០មុឺននាក់។ ​ជាមួយគ្នានេះ ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១​នេះ អង្គភាពបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផងដែរ។ 

តាមប្រភពដដែល ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀគរជំនួយ និងអនុវត្តគម្រោងកម្មវិធីនានា​​សរុបចំនួន៤៣គម្រោង ​​ក្នុង​​​នោះ​គម្រោង​កំពុង​ដំណើរការ​មាន​ចំនួន២៣គម្រោង ​គម្រោង​កំពុង​ចរចា​មានចំនួន​១០​គម្រោង គម្រោង​ដែល​រំពឹង​ទុក​មានចំនួន៤គម្រោង។ 

ជារួម ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អង្គភាព​ទាំងមូលក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះអាច​ដំណើ​​ការ​​បាន​និង​មិនប៉ះពាល់ដល់កម្លាំងប្រតិបត្តិការ​ឡើយ ទោះបី​គម្រោង​មួយចំនួនមានកា​រ​យឺត​យ៉ាវ​ខ្លះក៏ដោយ៕