មណ្ឌលគីរី៖ ក្រោមចំណារដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសេចក្ដីអនុម័តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដែលជាតំបន់ដ៏មានសក្ដានុពលជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនោះ បណ្តាអ្នកជំនួញដីធ្លីក៏ដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍នានាបង្ហាញពីក្ដីសាទរយ៉ាងខ្លាំងជាមួយនឹងក្ដីរំពឹងថាអាចជួយលើកម្ពស់ទីផ្សារអចលនទ្រព្យផងដែរ។
ប្រធានសមាគមអចលនទ្រព្យសកល(GRA) លោកឧកញ៉ា សំ សុខនឿន បានបង្ហាញពីក្ដីសាទរនិងគាំទ្រទៅលើការសម្រេចដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់យកខេត្តមណ្ឌលគីរីជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតអន្តរជាតិដោយបានដាក់ចេញឲ្យអនុវត្តតាមផែនការមេអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវ។
លោកឧកញ៉ាបានមានប្រសាសន៍ថាបច្ចុប្បន្ន ខេត្តមណ្ឌលគីរី កំពុងតែបង្ហាញពីសក្ដានុពលទៅលើវិស័ទេសចរណ៍ហើយក៏បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ចូលទៅបណ្តាក់ទុនវិនិយោគនិងអភិវឌ្ឍមួយចំនួនរួចទៅហើយដោយក្នុងនោះ មានទាំងក្រុមហ៊ុនអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កម្សាន្តកែច្នៃ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ជាប្រភេទលំនៅដ្ឋានបែបលំហែរផងដែរ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍ពុះដីឡូតិ៍ចូលទៅផងដែរ។
លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍ថា “មណ្ឌលគីរីក៏ជាខេត្តដែលស្ថិតនៅក្នុងគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងកំណត់ធ្វើជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសផងដែរ រហូតមានការកំណត់ផែនការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសគម្រោងសាងសង់ព្រលានយន្តហោះកម្រិតក្នុងតំបន់ ដើម្បីជួយសម្រួលនិងលើកម្ពស់វិស័យដឹកជញ្ជូន ការធ្វើដំណើររបស់អ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគដើម្បីធ្វើយ៉ាងណាឲ្យខេត្តមួយនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នយងតំបន់”។
ជាមួយនឹងភាពត្រេកអរសាទរ ទៅនឹងសេចក្ដីសម្រេចនិងការអនុម័តលើផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រចាំខេត្តមណ្ឌលគីរីនេះ លោកឧកញ៉ាក៏បានបង្ហាញពីក្ដីជឿជាក់ថា ក្រោយសេចក្ដីសម្រេចនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយ ជាពិសេសមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្របតាមផែនការ នោះវានឹងជួយជំរុញដល់ទីផ្សារអចលនទ្រព្យ ជាពិសេសតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់គម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន ដែលទាំងអស់នេះសុទ្ធតែជាកត្តាលីករធ្វើឲ្យទីផ្សារតម្លៃដីឡើងថ្លៃជាងពេលបច្ចុប្បន្ននេះជាពិសេសទីតាំងដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍តែម្ដង។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានឯកភាពក្នុងការកំណត់អាទិភាពតំបន់សំខាន់ៗចំនួន៦ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគ ការអភិវឌ្ឍតំបន់ទាំងនេះឱ្យបានច្បាស់លាស់រួមមានទី១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាដីនៃដែនជម្រកសត្វព្រៃទាំង៥, ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ, ទី៣- ក្រុងសែនមនោរម្យទី៤ - តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី, ទី៥ - តំបន់ប្រជុំជននៃស្រុកកោះញែកនិង ទី៦ - តំបន់ ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន៕