រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈ ជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន (JDS) ដែលមានអ្នកចូលរួមចំនួន ១៤នាក់ តំណាងឱ្យជ័យលាភីសរុបចំនួន ២៦នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុនការចេញដំណើរទៅសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុននាពេលខាងមុខ។
ថ្លែងមតិក្នុងពេលសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យប្រឡងជាប់ទទួលអាហារូបករណ៍ទៅបន្ត ការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសជប៉ុន។
ក្រោយពីបានចែករំលែកបទពិសោធន៍នៃការបំពេញភារកិច្ច និងការរៀនសូត្រពីការងារជាក់ស្ដែងរយៈពេលជាង ៤០ ឆ្នាំក្នុងរដ្ឋបាលសាធារណៈរួចមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានគូសបញ្ជាក់ បន្ថែមទៅកាន់ជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលសុទ្ធសឹងជាមន្រ្តីរាជការសាធារណៈមកពី១០ ក្រសួង-ស្ថាប័នថា៖ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ មន្ត្រីរាជការសាធារណៈរបស់យើងគ្រប់ផ្នែកសុទ្ធតែបានពុះពាររក្សារបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិដើម្បីប្រយុទ្ធឈ្នះកូវីដ-១៩ ក្រោមមគ្គុទ្ទេសភាព ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមេរៀនពិសោធន៍សម្រាប់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសក្នុងការបន្តជំរុញ បុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិតទៅអនាគត។
ប្រការនេះបង្ហាញច្បាស់ថា ទោះជាត្រូវប្រឈមជាមួយផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ តែបេសកកម្មកសាងស្ថាបនាជាតិនៅតែជម្រុលទៅមុខជាដរាប ហើយដំណើរការ នៃការកសាង និងអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការ ក៏មិនអាចត្រូវបានបង្អាក់ដោយសារការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ បានឡើយ។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលជប៉ុន ដែលបន្តផ្ដល់ជំនួយឧបត្ថម្ភដល់ការសិក្សា បណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជា។
នៅទីបញ្ចប់នៃការសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានធ្វើការផ្តាំផ្ញើក្នុងនាមរាជរដ្ឋាភិបាល ចំពោះនិស្សិតអាហារូបករណ៍ទាំងអស់ត្រូវក្តាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវ ខិតខំ សិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត៕