ប្រតិបត្តិករ៖ ទីផ្សារដីជាយក្រុងនិងបណ្តាខេត្តសក្ដានុពល ចាប់ផ្តើមមានសន្ទុះឡើងវិញ

ភ្នំពេញ ៖ខុសប្លែកកាលពីពាក់កណ្តាលឆមាសទី១ ដែលកំពុងមានការធ្លាក់ចុះទីផ្សារស្ទើរគ្រប់វិស័យជាពិសេសការទិញលក់អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងនោះ ពេលនេះចាប់ផ្តើមមានដង្ហើមឡើងវិញជាបណ្តើរៗហើយ។ 

លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ  DEY THMEY Real Estate បានមានប្រសាសន៍ថា ទីផ្សារដីធ្លីនៅ​ពេល​បច្ចុប្បន្ននេះ នៅមិនទាន់អាចសន្មត់បាន១០០ភាគរយនៅឡើយនោះទេដោយសារតែបញ្ហានៃវិបត្តិជំងឺឆ្លង នៅមិនទាន់អាចប្រាកដថាបញ្ចប់បានទាំងស្រុងនៅ​ពេល​ណានោះទេ។

លោកបានបញ្ជាក់ថា ការទិញលក់នៅពេលបច្ចុប្បន្ននេះអាចនិយាយបានថា មានសន្ទុះជាងកាលពីពាក់កណ្តាលឆ្នាំមុន ដោយសារតែមនុស្សភាគច្រើន​ហាក់​មិន​សូវខ្លាចរអារដូចមុន ដូច្នេះការចេញដើរមានភាពទូលាយជាង ហើយការទិញលក់ដីធ្លីក៏មានច្រើនជាងកាលពីមិនទាន់មានភាពផ្ញាក់ផ្អើល។

លោកថាអ្វីដែលជាការគួរឲ្យកត់សម្គាល់ ទីផ្សារដែលមានម្រូវការ និងការទិញលក់ច្រើនគឺជាប្រភេទដីធ្លីដែលមានតម្លៃធូរថ្លៃក្រោម១ម៉ឺនដុល្លារ ដែលស្ថិត​នៅ​ជាប់​តំបន់ជាយក្រុង។ ដោយឡែកដីដែលស្ថិតនៅបណ្តាខេត្តដែលមានសក្ដានុពល ដូចជាខេត្តកំបតកែប និងព្រះសីហនុ អាចមានតម្លៃលើសនេះ​បន្តិច(ស្ថិតនៅតំបន់ក្រុង ឬទីប្រជុំជន)។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល GRA បានមានប្រសាសន៍ថាបច្ចុប្បន្នេះ ៖ «យើងមើលឃើញថា ប្រជាពលរដ្ឋអាចធ្វើដំណើរនៅក្នុងទីក្រុងបាន និងអាចធ្វើដំណើរឆ្លងកាន់ខេត្តក៏បានទៀតនោះបានធ្វើឱ្យការទិញលក់នៅក្នុងវិស័យអចលទ្រព្យ មានសន្ទុះងើបឡើងវិញ បើធៀបទៅនឹងពេលកន្លងទៅប៉ុន្តែវានៅមានកម្រិតនៅឡើយ»។

លោកឧកញ៉ាបន្តថា ដើម្បីឱ្យមានការទិញលក់ក្នុងវិស័យអចលនទ្រព្យកាន់តែមានសន្ទុះលឿនទៅមុខឡើងវិញ លុះត្រាតែប្រជាពលរដ្ឋខ្មែរ បានចាក់វ៉ាក់សាំងគ្រប់គ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល និងទាមទារពេលវេលាបន្ថែមទៀតដើម្បីមនុស្សចាប់ផ្តើមមានទំនុកចិត្តក្នុងការចេញដើរក្រៅ ប្រកបមុខជំនួញឡើងវិញជាពិសេសអាចទទួលបានចំណូលពីការប្រកបមុខរបរឡើងវិញផងដែរ៕