​CDC ឯកភាពលើការវិនិយោគរបស់ក្រុមហ៊ុន SOMA ក្នុងទឹកដីខេត្តតាកែវនិងខេត្តកំពង់ធំ ទុនសរុបជាង ១៥លានដុល្លារ

ខេត្តតាកែវ៖ ​ក្រុមហ៊ុន SOMA Group ទទួលបានការឯកភាពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា​ CDC បានដើម្បីបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនី ដោយប្រើពន្លឺព្រះអាទិត្យ និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តតាកែវនិងខេត្តកំពង់ធំ ក្នុងទុនសរុប ១៥,៨លានដុល្លារអាមេរិក។

ក្រុមហ៊ុន SOMA Group បានផ្ដោតលើវិស័យចំនួន ៦ គឺ ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, ពាណិជ្ជកម្ម, ការអប់រំ, បច្ចេកវិទ្យា និងអចលនទ្រព្យ។ ថ្មីៗនេះ ក្រុមហ៊ុន បានចាប់ផ្ដើមពង្រឹកខ្លួនបន្ថែម លើវិស័យថាមពលថាមពលកកើតឡើងវិញ ផងដែរ។

ទីតាំងនៃការវិនិយោគថ្មីចំនួន២នេះ មាននៅ៖

១. SOMA FARM (CAMBODIA) CO., LTD. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២នាក់។

២. SOMA ENERGY CO., LTD. គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤នាក់។