ភាពខុសគ្នា រវាងការលាបថ្នាំពណ៌និងបិទក្រដាសជញ្ជាំង

សម្រាប់អ្នកដែលចូលចិត្តរចនាផ្ទះ ប្រាកដជាត្រូវសម្រេចចិត្តក្នុង​ការជ្រើសរើសតុបតែងផ្ទះ ដោយការលាបថ្នាំពណ៌ឬបិទក្រដាសជញ្ជាំង ព្រោះទាំងពីរនេះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា។ ​ប្រសិនបើមិនទាន់ដឹងថារវាងថ្នាំពណ៌ និងក្រដាសជញ្ជាំងមានភាពខុសគ្នាបែបណានោះ អត្ថបទខាងក្រោមនឹងស្រាយចម្ងល់អ្នកបាន។

១.​ផ្នែកភាពស្រស់ស្អាត

ក្រដាសបិទជញ្ជាំង៖ ក្នុងចំណុចនេះសូមលើកឱ្យក្រដាសបិទជញ្ជាំងជាអ្នកឈ្នះ ព្រោះមានក្បាច់និងម៉ូដឱ្យជ្រើសរើសយ៉ាងសម្បូរបែប។ អាចនិយាយបានថាតបស្នងតម្រូវការអតិថិជនស្ទើរតែមួយភាគរយ។​

ថ្នាំពណ៌៖ លាបបានតែម្តងគត់ ចំណែកឯម៉ូដការរចនាមានតែបែបលាតៗ។ សមស្របចំពោះអ្នកដែលត្រូវការរចនាបថបែបសាមញ្ញមិនលេងស្តាយច្រើន ចូលចិត្តឱ្យជញ្ជាំងឬបន្ទ​ប់មានពណ៌លេចធ្លោ។

២.ភាពងាយស្រួល និងឆាប់រហ័ស

ក្រដាសបិទជញ្ជាំង៖ នេះក៏ជាគុណសម្បត្តិម្យ៉ាងទៀតដែរ ព្រោះងាយស្រួលទាំងពេលបិទនិងបកចេញ អាចធ្វើការផ្លាស់ប្តូរបានភ្លាមៗ។ គ្រាន់តែបកស្ទីកគឺរហើយអាចបិទបានតែម្តង។

ថ្នាំពណ៌៖ ត្រូវការពេលវេលាដើម្បីរង់ចាំ​ឱ្យពណ៌ស្ងួតល្អ។ ម្យ៉ាងវិញទៀតថ្នាំពណ៌មានក្លិនខ្លាំង ត្រូវការពេលវេលាយូរគួរសមទម្រាំតែអស់ក្លិន។

ប៉ុន្តែរវាងវិធីទាំងពីរយ៉ាងនេះក៏អាស្រ័យលើបច្ចេកទេសរបស់ជាងដែរ។ បើជាងមានជំនាញពេលវេលាក្នុងការបិទក្រដាសជញ្ជាំងនិងរយៈពេលលាបពណ៌ថ្នាំក៏មិនខុសគ្នាប៉ុន្មានដែរ។

៣. ការពារសម្លេង

ក្រដាសបិទជញ្ជាំង៖ បិទបាំងសម្លេងបានល្អជាង ជាពិសេសក្នុងបន្ទប់បិទជិត ឬបន្ទប់ខុនដូ។ ថែមទាំងអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានទៀតផង។​ ដូច្នេះសម្រាប់អ្នកដែលត្រូវការភាពឯកជនគួរជ្រើសរើសការបិទក្រដាសជញ្ជាំង។

ថ្នាំពណ៌៖ មិនអាចកាត់បន្ថយសម្លេងទាំងខាងក្នុង និងខាងក្រៅ។ បានត្រឹមតែបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះ។

៤.ភាពស្ថិតស្ថេរ

ក្រដាសបិទជញ្ជាំង៖ មិនអាចឈ្នះថ្នាំពណ៌បានទេ ប៉ុន្តែក្រដាសបិទជញ្ជាំងក៏មិនអន់ណាស់ដែរ ព្រោះអាចបិទជាប់រាប់ឆ្នាំដែរ។គ្រាន់តែមិនសូវធន់នឹងពន្លឺថ្ងៃ ឬត្រូវទឹកច្រើនពេកធ្វើឱ្យឆាប់របូត។

ថ្នាំពណ៌៖ អាចជាប់ពណ៌រហូតដល់ ១០ ឆ្នាំ និងមិនប៉ះពាល់ដល់ការជួសជុល និង​ពន្លឺថ្ងៃខ្លាំងប៉ុន្មានទេ។

៥.ការបិទបាំងចន្លោះប្រហោងលើជញ្ជាំង

ក្រដាសបិទជញ្ជាំង៖ អាចបិទបាំងបានល្អជាង និងលឿនជាង។

ថ្នាំពណ៌៖ ក៏អាចបិទបាំងបានដូចគ្នា ប៉ុន្តែមិនសូវជិតល្អ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាអាស្រ័យលើលក្ខខណ្ឌបន្ទប់នីមួយៗ​និងតម្រូវការរបស់អ្នកប្រើប្រាស់។

៦.ការកើតសំណើមនិងបញ្ហាដុះផ្សិត

ក្រដាសបិទជញ្ជាំង៖​​ ល្អចំពោះការតុបតែងផ្នែកខាងក្នុងប៉ុណ្ណោះ។

ថ្នាំពណ៌៖ សម្រាប់ជញ្ជាំងក្រៅផ្ទះ គួរតែជ្រើសរើសការលាបថ្នាំពណ៌ទើបជាវិធីល្អព្រោះត្រូវប្រឈមនឹងកម្តៅថ្ងៃ សំណើម និងទឹកភ្លៀងជាប្រចាំ។

៧. ថវិកា

ក្រដាសបិទជញ្ជាំង៖ មានតម្លៃសមរម្យជាង ពេលខ្លះអាចបិទដោយខ្លួនឯងក៏បាន ប៉ុន្តែអាស្រ័យលើទំហំជញ្ជាំងដែរ។

ថ្នាំពណ៌៖ មានតម្លៃ​ថ្លៃជាងក្រដាសបិទជញ្ជាំង និងរួមបញ្ចូលទាំងថ្លៃឈ្នួលជាងទៀត។ បើសិនជាជាងដែលមានជំនាញ​ អាចទាមទារថ្លៃបន្តិច។​

តាមរយៈ ៧ចំណុចខាងលើថ្វីត្បិតតែក្រដាសបិទជញ្ជាំងមានគុណសម្បត្តិច្រើនក៏ពិតមែនតែក៏មិនមែនគ្រប់ផ្ទះសុទ្ធតែសមស្របនឹងការប្រើប្រាស់វាដែរ។ មិន​ថាជាការបិទក្រដាសជញ្ជាំងឬលាបថ្នាំពណ៌ ទាំងពីរនេះសាកសមទៅនឹងទីកន្លែងដែលសមរម្យនឹងតួនាទីរបស់វានីមួយៗ។ ជាពិសេស មិនចាំបាច់ទាល់តែរើសយកតែម្យ៉ាងទេ ព្រោះទាំងពីរនេះក៏អាចយកមកប្រើរួមគ្នាបានដែរ។