សម្ដេចហ៊ុនសែន៖គ្មាននរណាគេចុះចូលជាមួយ រាជរដ្ឋាភិបាលឡើយ បើសិនគ្មាន ការធានាដល់អាយុជីវិត របស់កម្លាំងខ្មែរក្រហម

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ក្នុងការអញ្ជើញ ជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ នាថ្ងៃសៅរ៍ ទី២៩ ខែធ្នូឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា នយោបាយឈ្នះឈ្នះនេះបើមានត្រឹមតែគំនិត ហើយគ្មានអ្នកប្រតិបត្តិករទេនោះ គឺមិនអាចទទួលបានជោគជ័យនោះឡើយ។

ការជ្រើសយកថ្ងៃទី២៩ខែធ្នូ ធ្វើជាថ្ងៃអបអរខួបនយោបាយឈ្នះ-ឈ្នះ សម្ដេចបានបង្ហាញមូលហេតុថា ដោយសារថ្ងៃនេះ នាយករដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូល របស់ខ្មែរក្រហម បានមកចុះចូល ដល់ផ្ទះរបស់សម្តេច ដែលលើពិភពលោកនេះ មិនទាន់មាននៅឡើយទេ។

សម្ដេចបានលើកឡើងថា គ្មាននរណាគេចុះចូលជាមួយ រាជរដ្ឋាភិបាលនោះឡើយ បើសិនជា គ្មានការធានាដល់អាយុជីវិត និងការរស់រៀន ការធានាដល់មុខរបរ និងតួនាទី​ និងចំនុចទី៣ គឺការរក្សានូវកម្មសិទ្ធិ លើចលនទ្រព្យនិងអចលនទ្រព្យ​ សម្រាប់កងកម្លាំងខ្មែរក្រហម ដែលចុះចូល។

សូមបញ្ជាក់ថាក្នុងពិធីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ ភ្លើងសង្គ្រាម នៅកម្ពុជា បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ជាច្រើនពាន់នាក់៕