ឧកញ៉ា សំ សុខនឿន និយាយពីការវិនិយោគខុនដូនិងលំនៅដ្ឋានថ្មីក្នុងបុរី នាសម័យកូវីដ

ភ្នំពេញ ៖ មានអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាច្រើន សុទ្ធតែបានលើកឡើងថាការទិញអចលនទ្រព្យក្នុងពេលបច្ចុប្បន្នទុកវិនិយោគ​បន្ត​ នឹងអាច​ទទួលបានចំណេញខ្ពស់ក្រោយពេលចប់វិបត្តជំងឺកូវីដនៅពេលខាងមុខនោះអ្នកជំនាញបានអះអាងថា ចង់ទិញអចលនទ្រព្យទុកវិនិយោគពេល​ណាក៏អាច​ទទួល​​ចំណេញឲ្យតែស្គាល់ច្បាស់ពីទីផ្សារជាពិសេសតម្រូវការជាក់ស្ដែង។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា នៅក្នុងទីផ្សារអចលនទ្រព្យត្រូវ​បានបែង​ចែក​ផ្នែក​ផ្សេងៗជាច្រើន ដោយក្នុងនោះមានផ្នែកនៃអចលនទ្រព្យខ្លះសមស្របនឹងការទិញទុកវិនិយោគយកចំណេញនៅពេលនេះតែម្ដង ហើយប្រភេទ​អចលនទ្រព្យ​​ផ្សេងទៀតហាក់មិនគួរបោះទុនវិនិយោគនៅក្នុងកាលទេសៈនេះនោះទេ។ 

លោកឧកញ៉ាបានបញ្ជាក់ថា “ជាការពិតណាស់គ្រប់ការវិនិយោគទៅលើអចលនទ្រព្យគ្រប់ប្រភេទសុទ្ធតែអាចមានឱកាសទទួលបានចំណេញ​ត្រឡប់​មក​វិញទាស់ត្រង់ថា ចំណេញតិច ឬច្រើន ហើយត្រូវចំណាយពេលរង់ចាំផលចំណេញយូរ ឬឆាប់តែប៉ុណ្ណោះ”។

ជាមួយនឹងការថ្លែងបែបនេះ លោកឧកញ៉ាបានលើកជាឧទាហរណ៍លើការវិនិយោគទៅអចលនទ្រព្យចំនួនប្រភេទដែលជាលំនៅដ្ឋានដូចគ្នាទាស់ត្រង់ថា​ មួយជាប្រភេទលំនៅដ្ឋានថ្មីក្នុងបុរីហើយមួយទៀតជាលំនៅដ្ឋានក្នុងអគារសហកម្មសិទ្ធិ ឬហៅថាខុនដូមកបង្ហាញ។

លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សម្រាប់អ្នកវិនិយោគលំនៅដ្ឋានក្នុងបុរីគឺជាអ្នកវិនិយោគដែលមានលំហូរសាច់ប្រាក់ រឺចំណូលចាប់​ពីមធ្យម​ឡើងទៅហើយមានប្រភពចំណូលថេរ។ អ្នកវិនិយោគប្រភេទនេះអាចទទួលបានផលចំណេញពីការវិនិយោគចាប់តាំងពីអំឡុងពេល​បុក​គ្រឹះដំបូងរហូត​ដល់​ផ្ទះ​សាងសង់រួច ដែលអត្រាចំណេញអាចស្ថិតក្នុងរង្វង់៥០% ត្រឹមរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ។ 

ដោយឡែកការវិនិយោគទៅលើលំនៅដ្ឋានថ្មីក្នុងអគារសហកម្មសិទ្ធិឬហៅថាខុនដូ ដែលស្ថិតនៅក្នុងក្រុងភ្នំពេញ មានតម្លៃដីថ្លៃ មិនអាចសាង​សង់ជា​បុរី​បានហើយជាទូទៅអ្នករស់នៅក្នុងសំណង់ប្រភេទនេះគឺជាអ្នកមានជីវភាពធូរធារនិងចង់បានការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ។ 

សម្រាប់អ្នក​វិនិយោគ​អចលនទ្រព្យប្រភេទនេះគឺជាអ្នកដែលចង់បានប្រាក់ចំណូលប្រចាំខែពីការជួលត្រលប់មកវិញ ព្រោះជាទូទៅខុនដូពិបាកនឹងលក់បន្តនិងមិន​សូវ​បានផលចំណេញពីការលក់បន្តនោះទេ ខុសពីប្រភេទលំនៅដ្ឋានក្នុងបុរី។ ប៉ុន្តែទោះជាយ៉ាងតម្លៃជួលរបស់វាអាចទទួលបានផលចំណេញ​ខ្ពស់​រហូត​ដល់​ប្រមាណ១២ភាគរយក្នុងមួយឆ្នាំបើប្រៀនធៀបទៅនឹងចំណូលដែលទទួលបានពីការជួលលំនៅដ្ឋានដែលស្ថិតក្នុងបុរី៕