រាជធានីភ្នំពេញ៖ ថ្មីៗនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន បន្ថែមពីនេះ សម្ដេចតេជោក៏បានណែនាំ ឲ្យទិញមៀនតែពីចំការរបស់កសិករក្រីក្រប៉ុណ្ណោះ។
សាររបស់សម្ដេចតេជោ៖ ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ ពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យ កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
សូមជម្រាបជូនដែរថា ការប្រមូលទិញនេះ សម្ដេចតេជោនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទាន ដោយមិនគិតថ្លៃ៕