រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារនិងគ្រឿងបរិក្ខារពេទ្យ ដល់ប្រទេសមីយ៉ាន់ម៉ា ទប់ស្កាត់វិបត្តិកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា សម្តេចជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង៕